កម្ពុជាមានផ្ទៃដីដាំដុះដំណាំទុរេនចំនួន ៥ ២៨៩ហិកតា ខណៈការប្រមូលផលក្នុងមួយឆ្នាំបានរហូតដល់៣៦ ៦៥៦តោន
ភ្នំពេញ៖បច្ចុប្បន្ននេះ កម្ពុជាមានផ្ទៃដីដាំដុះដំណាំទុរេនចំនួន ៥ ២៨៩ហិកតា ក្នុងនោះផ្ទៃដីប្រមូលផល មានចំនួន ៣ ៤០៣ហិកតា ដែលទទួលបានបរិមាណផលប្រមាណ ៣៦ ៦៥៦តោនក្នុង១ឆ្នាំ។ នេះបើតាមការបញ្ជាក់របស់លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងការកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
លោករដ្ឋមន្ត្រីបានឱ្យដឹងថា សព្វថ្ងៃការដាំដុះដំណាំទុរេន របស់ប្រជាពលរដ្ឋមួយចំនួន គឺបានអនុវត្តតាមការណែនាំរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាពិសេសកសិករខ្នាតមធ្យម និងធំ ដោយសារពួកគាត់មានលទ្ធភាព និងថវិកាសម្រាប់វិនិយោគជាលក្ខណៈអាជីវកម្មពិតប្រាកដ។ ដោយឡែកកសិករមួយចំនួនទៀត ជាកសិករខ្នាតតូច ឬអ្នកដាំទុរេនជាលក្ខណៈគ្រួសារ ឬជាកំសាន្តតែប៉ុណ្ណោះ ដែលពួកគាត់ធ្វើការដាំដុះទៅតាមការយល់ឃើញ ឬដាំតាមយថាកម្ម ដោយមិនបានយកចិត្តទុកដាក់អនុវត្តតាមបច្ចេកទេសឱ្យបានត្រឹមត្រូវទេ។
ទន្ទឹមនឹងនេះ ការដាំដំណាំទុរេននៅកម្ពុជា នាពេលបច្ចុប្បន្ន កំពុងតែពេញនិយម ដោយសារមានអតិថិជននៅក្នុងស្រុកជាច្រើនបានគាំទ្រទៅលើគុណភាព និងសុវត្ថិភាពរបស់ផលិតផលទុរេនកម្ពុជា។ ម៉្យាងទៀត តម្លៃទុរេនក្នុងស្រុកគឺខ្ពស់ជាងទុរេននាំចូល ហើយមិនមានបញ្ហាទីផ្សារដោយសារមានតម្រូវការខ្ពស់។ ដូច្នេះកសិករអាចរកប្រាក់ចំណូលបានច្រើន គឺក្នុង១ហិកតា អាចទទួលបានប្រមាណ ១-២ ម៉ឺនដុល្លារ ក្នុងលក្ខខណ្ឌនៃការដាំទុរេនដោយអនុវត្តតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ និងទទួលបានទិន្នផលល្អ។
លោកបានបន្ថែមថា ប្រសិនបើកសិករដាំជាទ្រង់ទ្រាយធំ ឬច្រើនគ្រួសារដោយមានការចងក្រងជាសហគមន៍ ដំណាំទុរេននឹងអាចជួយរកចំណូលបានច្រើនដល់សេដ្ឋកិច្ចជាតិ។ ទោះបីជាដំណាំនេះ ទទួលបានប្រាក់ចំណូលខ្ពស់ ប៉ុន្តែតម្រូវឱ្យមានការវិនិយោគទុនច្រើន និងទាមទារការអនុវត្តបច្ចេសទេសត្រឹមត្រូវជាមួយនឹងការថែទាំយ៉ាងដិតដល់ទើបទទួលបានជោគជ័យ៕SP