EU ដាក់ដំណើរការគម្រោង «SWITCH GARMENT» ដែលមានទឹកប្រាក់ប្រមាណ៣.៥លាន នៅកម្ពុជា
ភ្នំពេញ ៖ សហភាពអឺរ៉ុប (EU) ដាក់ដំណើរការគម្រោង «SWITCH GARMENT» ដែលមានទឹកប្រាក់ប្រមាណ៣.៥លាន ដើម្បីជំរុញការប្រើប្រាស់ថាមពលប្រកបដោយនិរន្តរភាពនៅក្នុងវិស័យកាត់ដេរនៅកម្ពុជា។ គម្រោងនេះ នឹងត្រូវអនុវត្តរួមគ្នា ដោយវិទ្យាស្ថានអភិវឌ្ឍន៍បៃតង សកល អង្គការមិនមែនរដ្ឋាភិបាល GERES និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ដោយចាប់ផ្តើមពីឆ្នាំ២០២០ ដល់ ២០២៤។
គម្រោង«SWITCH GARMENT»របស់សហភាពអឺរ៉ុប ដែលមានទឹកប្រាក់ ចំនួន ២ ៩៩៥ ៧៤៨អឺរ៉ូ ឬប្រមាណ ៣.៥លានដុល្លារ ជាង៣លានដុល្លារ ត្រូវបានដាក់ដំណើរការហើយនៅកម្ពុជា កាលពីថ្ងៃទី១៣ កញ្ញាកន្លងទៅ។ គម្រោងនេះ មានរយៈពេល៤ឆ្នាំ ចាប់ពីឆ្នាំ២០២០ ដល់ ២០២៤ ហើយត្រូវអនុវត្តរួមគ្នា ដោយវិទ្យាស្ថានអភិវឌ្ឍន៍បៃតង សកល អង្គការមិនមែនរដ្ឋាភិបាល GERES និងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា។
តាមទំព័រហ្វេសប៊ុកប្រតិភូសហភាពអឺរ៉ុបនៅកម្ពុជា គម្រោងថ្មី «SWITCH GARMENT» នេះ មានគោលដៅគាំទ្រដល់ការប្រើប្រាស់ថាមពល ប្រកបដោយនិរន្តភាពនៅក្នុងវិស័យកាត់ដេរសម្លៀកបំពាក់នៅកម្ពុជា។ គម្រោងរយៈពេល៤ឆ្នាំនេះ នឹងគាំទ្រដល់ទំនើបកម្មនៃការគ្រប់គ្រងថាមពល ដែលមានតម្លៃថោក និងប្រកបដោយប្រសិទ្ធភាព ហើយនឹងមិនប៉ះពាល់ ដល់បរិស្ថាននៅក្នុងវិស័យនេះ ដែលនឹងជួយវិស័យកាត់ដេរអាចសន្សំសំចៃថ្លៃថាមពល និងអាចចូលទីផ្សារបរទេស ដែលទាមទារកាន់តែខ្លាំង នូវផលិតផល និងដំណើរការផលិតកម្មដែលមិនប៉ះពាល់ដល់បរិស្ថាន។
លោកស្រី Carmen Moreno ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំ កម្ពុជាបានមានប្រសាសន៍នៅក្នុង ឱកាសដាក់ឱ្យដំណើរការនូវ គម្រោងនេះជាមួយនឹងសមាគមរោងចក្រកាត់ដេរ ថា ៖«ការប្រើ ប្រាស់ថាមពលប្រកបដោយចីរភាព អាចពង្រឹងការប្រកួតប្រជែង នៃការផលិតសម្លៀកបំពាក់នៅកម្ពុជា។ វាអាចបង្កើតឱកាសការងារ នៅក្នុងវិស័យនេះដែលទទួលរងផលប៉ះពាល់ដោយជំងឺរាតត្បាត សាកល កូវីដ-១៩»។
ថ្លែងក្នុងពិធីនោះដែរ លោក ទឹង ស៊ីនី រដ្ឋលេខាធិការក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា គម្រោង SWITCH GARMENT មិនត្រឹមតែជួយដល់វិស័យកាត់ដេរ ក្នុងការប្រើប្រាស់ធនធានថាមពលប្រកបដោយ ប្រសិទ្ធភាពប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងជួយដោះស្រាយផលប៉ះពាល់អវិជ្ជមាន ពីសកម្មភាពឧស្សាហកម្ម លើបរិស្ថាននិងការផ្លាស់ប្តូរអាកាសធាតុទៀតផង៕