នាយឧត្ដមសេនីយ៍ វង្ស ពិសេន ណែនាំដល់ មេបញ្ជាការកងទ័ពគ្រប់អង្គភាព ត្រូវប្រុងប្រយ័ត្ន កូវីដ-១៩ កុំមើលស្រាលឡើយ
ភ្នំពេញ ៖ នាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានធ្វើការ ណែនាំដល់មេបញ្ជាការកងទ័ពគ្រប់អង្គភាព ទាំងអស់ ឲ្យបន្តមានការប្រុង ប្រយ័ត្នខ្ពស់ មិនត្រូវធ្វេសប្រហែស និងមិនត្រូវមើលស្រាលស្ថានការណ៍នៃ ជំងឺឆ្លង កូវីដ-១៩ ឡើយ។
យោងតាមសេចក្ដីណែនាំរបស់ អគ្គបញ្ជាការដ្ឋាន នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២០ ថា តាមស្ថានភាព នៃការរីករាលដាល និងករណីស្លាប់ដោយសារជំងឺឆ្លង កូវីដ-១៩ នៅលើពិភពលោក ក៏ដូចជានៅ ក្នុងតំបន់ នៅតែបន្តកើនឡើងគួរ ឲ្យព្រួយបារម្ភ ទោះបីជាស្ថានភាពនៃការ រាតត្បាតជំងឺឆ្លងកូវីដ-១៩ នៅកម្ពុជាមានសភាពធូរស្រាល ដោយមានអ្នកជំងឺជាសះស្បើយ ស្ទើរទាំងស្រុង និងពុំមានករណីឆ្លងថ្មីនាពេលថ្មីៗនេះក្ដី ក៏សភាពការណ៍ដ៏គួរអបអរសាទរនេះ ស្ថិតក្នុងដំណាក់កាលផុយស្រួយនៅឡើយ។
នាយឧត្ដមសេនីយ៍ វង្ស ពិសេន បញ្ជាក់ថា « អនុវត្តតាមការអំពាវនាវ នាពេលថ្មីៗ របស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ក៏ដូចជាក្រសួងការពារជាតិ អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ សូមធ្វើការ ណែនាំដល់មេបញ្ជាការប្រភេទទ័ព ទ័ពជំនាញ និងនាយកស្ថាប័នចំណុះអគ្គបញ្ជាការទាំងអស់ ឲ្យបន្តមានការប្រុងប្រយ័ត្នខ្ពស់ មិនត្រូវ ធ្វេសប្រហែស និងមិនត្រូវមើលស្រាលស្ថានការណ៍នៃជំងឺឆ្លងកូវីដ-១៩ នេះឡើយ»។
នាយឧត្ដមសេនីយ៍ បន្ថែមថា គ្រប់កងឯកភាព ត្រូវបន្តអនុវត្តឲ្យបានម៉ឺងម៉ាត់ តាមសេចក្ដីណែនាំ របស់អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ស្ដីពីការបង្ការ ការពារ ទប់ស្កាត់ និងគ្រប់គ្រងជំងឺឆ្លងកូវីដ-១៩ (Covid-19)។
សូមរំលឹកថា រហូតដល់ពេលនេះ ក្រសួងសុខាភិបាលកម្ពុជា បានព្យាបាលអ្នក ជំងឺកូវីដ-១៩ ជាសះស្បើយ សរុបចំនួន១១៩នាក់។ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺនេះ នៅសល់តែ ៣នាក់ប៉ុណ្ណោះ ខណៈចំនួនអ្នកឆ្លងសរុបនៅកម្ពុជា មានចំនួន១២២នាក់៕ E B