នារីខ្មែរ ៧រូប ត្រូវបានជួយសង្គ្រោះទាន់ពេល ក្រោយរងគ្រោះដោយសារការជួញដូរ ទៅធ្វើការនៅប្រទេសឡាវ
ភ្នំពេញ ៖ ក្រោមកិច្ចសហការដ៏ស្អិតរមួតជាមួយអាជ្ញាធរ នៃរដ្ឋាភិបាលឡាវ, រាជរដ្ឋាភិបាលកម្ពុជា តាមរយៈស្ថានទូតកម្ពុជា ប្រចាំប្រទេសឡាវ បានធ្វើអន្តរាគមន៍ និងបានជួយសង្គ្រោះស្ត្រីខ្មែរ ៦រូប ដែលរងគ្រោះដោយការជួញដូរទៅធ្វើការនៅប្រទេសឡាវ និងកំពុងបន្តការសហការ ដើម្បីសង្គ្រោះ ១រូបទៀត។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំដល់លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងអាជ្ញាធរពាក់ព័ន្ធ យកចិត្តទុកដាក់ខ្ពស់ ដើម្បីនារីរងគ្រោះដែលត្រូវបានជួយសង្គ្រោះ បានឆាប់ត្រឡប់មកដល់ប្រទេសកម្ពុជាដែលជាស្រុកកំណើតរបស់ខ្លួន និងបានជួបជុំក្រុមគ្រួសារឪពុកម្តាយញាតិមិត្តរបស់ខ្លួនវិញ។
សូមបញ្ជាក់ថា នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឡាវ បានទទួលព័ត៌មានតាមបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងករណីស្ត្រីខ្មែរចំនួន ៧ រូប ដែលបានបង្ហោះសារអំពាវនាវតាមបណ្តាញសង្គមហ្វេសប៊ុកស្វែងរកការជួយសង្គ្រោះពួកគេ។ ស្ត្រីទាំង៧រូបនេះ ត្រូវបានជនខិលខូចបោកប្រាស់មកធ្វើការនៅខេត្តបរកែវ នៃប្រទេសឡាវ ហើយបានរត់ចេញពីកន្លែងធ្វើការបន្ទាប់ពីមានបញ្ហាជាមួយថៅកែ ដែលគ្រោងលក់ពួកគាត់ទៅប្រទេសទី៣។
ក្រោយពីបានទទួលពត៌មាននេះ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសឡាវ បានសុំការសហការភ្លាមពីអជ្ញាធរឡាវ ដើម្បីជួយសង្គ្រោះស្ត្រីខ្មែរទាំង ៧រូបនោះ។ ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឱ្យ លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជំរុញស្ថានទូតកម្ពុជាប្រចាំប្រទេសឡាវឱ្យផ្តល់ការយកចិត្តទុកដាក់ខ្ពស់លើកិច្ចការនេះ ដោយសហការជាមួយសមត្ថកិច្ចឡាវ។
សូមបញ្ជាក់ថា រហូតមកដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ នេះ, នារីខ្មែរ ៦ រូបត្រូវបានជួយសង្គ្រោះនិងកំពុងស្ថិតនៅកន្លែងមានសុវត្ថិភាព និងមានការយកចិត្តទុកដាក់ខ្ពស់។ ដោយឡែក ស្ថានទូតបាន និងកំពុងបន្តសហការជាមួយកម្លាំងសមត្ថកិច្ចឡាវ បន្តខិតខំជួយសង្គ្រោះនារីខ្មែរ ១ រូបទៀត៕