វេណេហ្ស៊ូអ៊ីឡា៖ ក្រុមមន្ត្រីរដ្ឋការក្នុងប្រទេសវេណេហ្ស៊ូអ៊ីឡា រួមមានគ្រូបង្រៀន បុគ្គលិកនៅតាមស្ថាប័នរដ្ឋនានា និងក្រុមមន្រ្តីចូលនិវត្តន៍ជាច្រើនរូបផ្សេងទៀត បាននាំគ្នាដើរដង្ហែរក្បួនតវ៉ានៅតាមដងផ្លូវក្នុងរដ្ឋធានី Caracas ដើម្បីទាមទារឱ្យរដ្ឋាភិបាលដំឡើងប្រាក់បៀវត្ស និងប្រាក់សោធននិវត្តន៍ ដើម្បីជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ ។

ក្រុមអ្នកតវ៉ាបានកាន់ទង់ជាតិតំណាងប្រទេស និងបដារូបភាពក្រដាសប្រាក់សន្លឹក ១០០ (Bolivar) ដែលធ្លាប់ជារូបិយប័ណ្ណជាតិដ៏មានតម្លៃមួយក្នុងប្រទេសវេណេហ្ស៊ូអ៊ីឡា ក្រោយរដ្ឋាភិបាលប្រកាសឱ្យឈប់ចរាចរណ៍នៅលើទីផ្សារកាលពីចុងឆ្នាំ ២០១៦ កន្លងទៅ ។


តម្លៃអតិផរណាទំនិញចេះតែបន្តកើនឡើង រួមផ្សំនឹងបញ្ហាវិបត្ដិសេដ្ឋកិច្ចធ្ងន់ធ្ងរដែលទទួលរងឥទ្ធិពលពីទណ្ឌកម្មរបស់ប្រទេសលោកខាងលិច បានធើ្វឱ្យរូបិយប័ណ្ណជាតិរបស់ប្រទេសមួយនេះមានការធ្លាក់ចុះយ៉ាងខ្លាំង ស្ទើរតែមិនអាចប្រើប្រាស់សម្រាប់ការទូទាត់ជាមួយរូបិយប័ណ្ណបរទេសបាន ហើយបានធើ្វឱ្យពលរដ្ឋក្នុងប្រទេសវេណេហ្ស៊ូអ៊ីឡាភាគច្រើនបានងាកមកប្រើប្រាស់ប្រាក់ដុល្លារអាម៉េរិកដើម្បីស្ថិរភាពផ្នែកហិរញ្ញវត្ថុរបស់ខ្លួននៅថ្ងៃមុខ ។


របត់ផ្លាស់ប្តូរថ្មីនេះ បានប្រែក្លាយជាបញ្ហាចោទដ៏សំខាន់មួយសម្រាប់ក្រុមបុគ្គលិកមន្រ្តីរដ្ឋការដែលទទួលបានប្រាក់បៀវត្សជារូបិយប័ណ្ណBolivarជាជាងទទួលបានប្រាក់ដុល្លារអាម៉េរិកបើធៀបនឹងបុគ្គលិកបំរើការងារនៅតាមស្ថាប័នឯកជនភាគច្រើន ។បើទោះជាស្ថានភាពសេដ្ឋកិច្ចរបស់ប្រទេសវេណេហ្ស៊ូអ៊ីឡាក្នុងពេលបច្ចុប្បន្ន ហាក់ដូចជាមានភាពប្រសើរឡើងវិញបន្ដិចយ៉ាងណាក្តី ក៏អត្រាកំណើនអតិផរណាទំនិញនៅក្នុងប្រទេសមួយនេះ នៅតែមានការកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់សម្រាប់របាយការណ៍នៅចុងឆ្នាំ ២០២២ កន្លងទៅ ពោលគឺមានការកើនឡើងប្រមាណជា ១៥៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១ ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ