ភ្នំពេញ ៖ កម្ពុជា មានក្តីរន្ធត់បន្ទាប់ពីបានទទួល ព័ត៌មានអំពីសោកនាដកម្មនៃការបាត់បង់ជីវិតប្រជាជនរាប់ពាន់នាក់ និងអ្នករងរបួសរាប់ម៉ឺននាក់ ព្រមទាំងការខូចខាតយ៉ាងដំណំ បង្កឡើងដោយគ្រោះរញ្ជួយដីកម្រិត ៧,៨ រ៉ិចទ័រ ដែលបានកើតឡើងនៅខេត្តភាគអាគ្នេយ៍នៃសាធារណរដ្ឋតួកគី កាលពីថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០២៣។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេសខ្មែរ នាថ្ងៃទី៨ កុម្ភៈ នេះថា រាជរដ្ឋាភិបាលកម្ពុជា បានសម្តែងនូវសមានចិត្តយ៉ាងជ្រាលជ្រៅបំផុត និងបានចូលរួមរំលែកទុក្ខយ៉ាងស្មោះស្ម័គ្រជូនចំពោះរដ្ឋាភិបាល និងប្រជាជនតួកគី ជាពិសេស ក្រុមគ្រួសារនៃសព ព្រមទាំងបានប្រសិទ្ឋពរសព្វសាធុការជូនចំពោះអ្នករងរបួសទាំងអស់ និងតំបន់នានាដែលរងផលប៉ះពាល់ សូមឆាប់ជាសះស្បើយ និងត្រូវបានស្តារឡើងវិញឆាប់រហ័ស។
ក្នុងស្មារតីមិត្តភាពជិតស្និទ្ធ សាមគ្គីភាព និងចូលរួមជួយសម្រាលទុក្ខលំបាករបស់រដ្ឋាភិបាល តួកគី រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបរិច្ចាគវិភាគទាន ជាទឹកប្រាក់ចំនួន ១០០,០០០ (មួយសែន) ដុល្លារអាមេរិក ជាជំនួយមនុស្សធម៌ ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងជួយសង្រ្គោះ៕EB