ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានព្រះរាជសង្កេតឃើញថា ក្រុមប្រឹក្សាធម្មនុញ្ញ ជាស្ថាប័នតុលាការធម្មនុញ្ញដែលមានលោកបណ្ឌិត លឹម ឈុនលឹមជាប្រធាន  បានបំពេញតួនាទីដ៏ល្អប្រពៃ និងសុក្រឹតបំផុត ជាអាជ្ញាកណ្ដាល ក្នុងការទំនាក់ទំនងរវាងស្ថាប័នកំពូលៗរបស់ជាតិ ជាអាទិ៍រវាងនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ ជាពិសេសនៅពេលបោះឆ្នោតសកល និងអសកលម្តងៗ  

ការសម្តែងហឬទ័យរបស់ព្រះអង្គអំពីស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញដែលជាស្ថាប័នកំពូលនេះ បានធ្វើឡើងក្នុងព្រះរាជពិធីអបអរសាទទិវារំលឹកខួប៣០ឆ្នាំនៃ ការប្រកាសឲ្យប្រើរដ្ឋធម្មនុញ្ញ នាព្រឹកថ្ងៃទី៦ តុលា ។ ព្រះអង្គសម្តែងព្រះហឬទ័យយ៉ាងមុតមាំថា ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញ គ្រប់ស្ថាប័នជាតិនឹងបន្តបំពេញភារកិច្ចតាមតួនាទីរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់ ដើម្បីធានាដល់កិច្ចអភិវឌ្ឍន៍ប្រជាជាតិឲ្យសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ជាតិឆ្នាំ២០៣០ និងឆ្នាំ២០៥០ ក្លាយជាប្រទេសរីកចម្រើនរឹងមាំ ប្រជារាស្ត្រខ្មែរមានជីវភាពធូរធារសម្បូណ៍រុងរឿងរស់ក្នុងសុខសន្តិភាព ស្ថិរភាពជានិច្ចនិរន្តរ៍តទៅ ។

ព្រះអង្គ មានព្រះរាជបន្ទូល បន្តថា «ជានិច្ចកាលខ្ញុំបានសង្កេតឃើញក្រុមប្រឹក្សាធម្មនុញ្ញ ជាស្ថាប័នតុលាការធម្មនុញ្ញ បានបំពេញតួនាទីដ៏ល្អប្រពៃ និងសុក្រឹតបំផុត ជាអាជ្ញាកណ្ដាលក្នុងការទំនាក់ទំនងរវាងស្ថាប័នកំពូលៗរបស់ជាតិ ជាអាទិ៍រវាងនីតិប្បញ្ញត្តិ នីតិប្រតិបត្តិ និងតុលាការ ជាពិសេសនៅពេលបោះឆ្នោតសកល និងអសកលម្តងៗ ឲ្យមានដំណើរការយ៉ាងរលូន ក្រោមការដឹកនាំប្រកបដោយមគ្គុទ្ទេសភាពដ៏ប៉ិនប្រសប់ឈ្លាសវៃ ទន់ភ្លន់ត្រឹមត្រូវ យុត្តិធម៌តែម៉ឹងម៉ាត់ និងមានទេព កោសល្យប្រកបដោយបរិយាបន្ន របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា, សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អតីតប្រធានរដ្ឋសភា បច្ចុប្បន្នជាប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ , សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ រក្សាបាននូវសាមគ្គីដ៏រឹងមាំ ធ្វើសហប្រតិបត្តិការគ្នាយ៉ាងជិតស្និទ្ធ ស្មោះត្រង់ និងជឿជាក់គ្នាទៅវិញទៅមក មានសុខដុមភាព ក្នុងកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ រហូតទទួលបានជោគជ័យយ៉ាងធំធេងលើគ្រប់វិស័យ ឈានទៅទទួលបានការកោតសរសើរពីគ្រប់មជ្ឈដ្ឋានជាតិ និងអន្តរជាតិ»។  

ព្រះអង្គ មានព្រះរាជបន្ទូលបន្ថែមដោយកោតសរសើរចំពោះសម្តេច សាយ ឈុំ សម្តេច ហេង សំរិន សម្តេចតេជោ ហ៊ុន សែន សហស្ថាបនិកដ៏អស្ចារ្យប៉ិនប្រសប់ និងឈ្លាសវៃ ជាពិសេស សម្តេចតេជោ ហ៊ុន សែន ដែលបានធ្វើការផ្តួចផ្តើមឲ្យមានការរៀបចំសេចក្តីព្រាងរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ឡើងមក៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ