បាតុករគាំទ្រអតីតប្រធានាធិបតីប្រេស៊ីលជាង ១៥០០នាក់ ត្រូវបានចាប់ខ្លួន ក្រោយសម្រុកចូលកាន់កាប់វិមានរដ្ឋាភិបាល
ប្រេស៊ីល៖ អ្នកគាំទ្រអតីតប្រធានាធិបតីប្រេស៊ីល លោក Jair Bolsonaroជាង១ ៥០០នាក់ត្រូវបានចាប់ខ្លួន នៅរដ្ឋធានីប្រេស៊ីលឡា បន្ទាប់ពីបានផ្ទុះបាតុកម្មទូទាំងរដ្ឋធានីកាលពីចុងសប្តាហ៍។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារ Reuters នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ នេះ។
ប្រធានាធិបតីទើបចូលកាន់តំណែងរបស់ប្រេស៊ីល លោក លូអ៊ីស អ៊ីនណាស៊ីអូ លូឡា ដាស៊ីលវ៉ា Luiz Inacio Lula da Silva ជាបុគ្គលឆ្វេងនិយម ដែលបានឡើងកាន់តំណែងកាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣ បន្ទាប់ពីបានផ្តួលគូប្រជែងលោក Bolsonaro ក្នុងការបោះឆ្នោតកាលពីខែតុលា បានសន្យាថា នឹងឱ្យអ្នកប្រព្រឹត្តអំពើហិង្សាទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន។ ហ្វូងបាតុករបានចូលលុកលុយសភា តុលាការកំពូល និងការិយាល័យប្រធានាធិបតី ដោយវាយកម្ទេចបង្អួច គ្រឿងសង្ហារិម និងសម្ភារផ្សេងទៀត។
ក្នុងការស្តារសណ្តាប់ធ្នាប់នៅក្នុងរដ្ឋធានីប្រេស៊ីលឡើងវិញ ទាហានប្រេស៊ីលដែលគាំទ្រដោយនគរបាល បានរុះរើជំរំរយៈពេល២ខែ ដែលស្ថិតនៅទល់មុខទីបញ្ជាការកងទ័ព ជាកន្លែងដែលអ្នកគាំទ្រលោក Bolsonaro បានតវ៉ាចាប់តាំងពីលោកបានចាញ់ការបោះឆ្នោត។
អាជ្ញាធរបាននិយាយថា មនុស្សប្រហែល១ ២០០នាក់មកពីជំរំនេះ ត្រូវបានឃុំខ្លួនដើម្បសាកសួរកាលពីថ្ងៃចន្ទ បន្ទាប់ពីមានការចាប់ខ្លួនបាតុករប្រហែល៣០០នាក់ កាលពីថ្ងៃអាទិត្យ។
គួរបញ្ជាក់ថា លោក Luiz Inacio Lula da Silva អាយុ៧៧ឆ្នាំ បានស្បថចូលកាន់តំណែងជាប្រធានាធិបតីប្រេស៊ីលសាជាថ្មី កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៣ បន្ទាប់ពីបានឈ្នះការបោះឆ្នោតប្រធានាធិបតីលើលោក Bolsonaro កាលពីខែតុលា ឆ្នាំ២០២២ ដោយរូបលោកក៏បានប្តេជ្ញាជួយសង្គ្រោះប្រទេសដែលញាំញីដោយភាពអត់ឃ្លាន ភាពក្រីក្រ និងការប្រកាន់ពូជសាសន៍មួយនេះផងដែរ៕