ភ្នំពេញ ៖ រយៈពេល៥ខែ ឆ្នាំ២០២២នេះ កម្ពុជាទទួលបានចំណូលជាង១៧០លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ។

របាយការណ៍ បានបញ្ជាក់ថា ចំណូលសរុបគិតត្រឹមខែឧសភា ឆ្នាំ២០២២ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន១៧០,២៨២,០៣១ដុល្លារ ក្នុងនោះ ចំណូលពីការនាំចេញជ័រកៅស៊ូ ចំនួន ១៦៨,៤៦៨,៦៤០ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន ១,៨១៣,៣៩១ដុល្លារ។

ចំពោះបរិមាណនៃការនាំចេញគិតត្រឹមខែឧសភា ឆ្នាំ២០២២ កម្ពុជាបាននាំចេញជ័រកៅស៊ូ ចំនួន១០៥,០៤៨តោន កើនឡើងចំនួន១,៨០៩តោន ស្មើនឹង២% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន១៣,០២៦ម៉ែត្រគូប។

សម្រាប់តម្លៃលក់ជ័រកៅស៊ូមធ្យម គិតត្រឹមខែឧសភា ឆ្នាំ២០២២ ថ្លៃ១,៦០៤ដុល្លារ ក្នុងមួយតោន បានថយចុះចំនួន៧១ដុល្លារ ក្នុងមួយតោន ស្មើនឹង៤% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។

គិតត្រឹមខែឧសភា ឆ្នាំ២០២២ ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤,០៤៤ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១០,១៩៣ហិកតា ស្មើនឹង៧៧% និងផ្ទៃដីថែទាំមានចំនួន ៩៣,៨៥១ហិកតា ស្មើនឹង២៣%។

គូសបញ្ជាក់ថា នៅឆ្នាំ២០២១ កម្ពុជារកចំណូលបានជាង៦១១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ។ ក្នុងនោះ នាំចេញជ័រកៅស៊ូ ចំនួន៣៦៦,៣០០តោន និងនាំចេញឈើកៅស៊ូ ចំនួន៤៥៤ម៉ែត្រគូប៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ