ភ្នំពេញ ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រកាសដាក់ចេញយុទ្ធនាការដាំដើមឈើយ៉ាងតិច ១លានដើម ជារៀងរាល់ឆ្នាំចាប់ពីពេលនេះតទៅ។

តាមរយៈយុទ្ធនាការ នៅថ្ងៃ១០ ខែតុលា ឆ្នាំ២០២៣នេះ លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញឱ្យប្រជាពលរដ្ឋ ចូលរួមដាំដើមឈើ ដាំស្តារព្រៃ និងចូលរួមការពារអភិរក្សព្រៃឈើ និងបរិស្ថានធម្មជាតិ ដើម្បីបង្កើនគម្របព្រៃ និងអាចលក់កាបូន ដើម្បីអាចបង្កើនប្រាក់ចំណូលនៅក្នុងសហគមន៍។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រី បានថ្លែងថា ដើម្បីធានានិរន្តភាពបរិស្ថាន និងជីវភាពសហគមន៍ ប្រជាសហគមន៍ ត្រូវនាំគ្នាដាំដើមឈើឱ្យបានច្រើន ពីព្រោះដើមឈើគឺជាប្រភពប្រាក់ចំណូល តាមរយៈការទាញចំណូលពីការលក់កាបូន ហើយចំណូលពីការលក់បូន នឹងជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងធ្វើឱ្យប្រជាពលរដ្ឋមានចំណូលបន្ថែម លើសពីចំណូលតាមរយៈភ្ញៀវទេសចរនាពេលបច្ចុប្បន្ននេះ។

សូមបញ្ជាក់ថា យុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងដំណាក់កាលទី១ នៃមុំទី២ ទី៤ និងទី៥ គឺធានាចីរភាពនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងកសាងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន ដោយជំរុញការលើកកម្ពស់ ការទាក់ទាញវិនិយោគ ក្នុងឧស្សាហកម្មដែលមានតម្លៃបន្ថែមខ្ពស់ និងឧស្សាហកម្មបៃតង។ រដ្ឋាភិបាលមានផែនការរក្សាគំរបព្រៃឈើឱ្យបាន ៦០ភាគរយ នៅឆ្នាំ២០៣០៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ