ភ្នំពេញ  ៖  សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា  និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ  បានអំពាវនាវឲ្យក្រុមជនអគតិ និងទុច្ចរិតទាំងនោះ បញ្ឈប់ជាបន្ទាន់រាល់ទង្វើទាំងឡាយណាដែលប៉ះពាល់ដល់សន្តិភាព ស្ថិរភាពនយោបាយ និងរាំងស្ទះដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា។ 

តាមរយៈគេហទំព័រហ្វេសប៊ុក  នារសៀលថ្ងៃទី១១  ខែកញ្ញា  ឆ្នាំ២០២៣  សម្តេចក្រឡាហោម ស ខេង  បានឲ្យដឹងថា  ក្នុងរយៈពេលចុងក្រោយនេះ ជាពិសេសក្រោយពេលដែលរាជរដ្ឋាភិបាល អាណត្តិទី៧ នៃរដ្ឋសភាត្រូវបានបង្កើតឡើង មជ្ឈដ្ឋានដែលមាននិន្នាការប្រឆាំងនៅតែបន្តលើកឡើងដដែលៗតាមរយៈបណ្តាញសង្គម សារព័ត៌មាននានា និងជាពិសេសតាមការឃោសនាអកុសល ប្រតិដ្ឋនូវព័ត៌មាននានាក្នុងបំណងដ៏កខ្វក់ដើម្បីបំបែកបំបាក់ផ្ទៃក្នុងគណបក្សប្រជាជនកម្ពុជា ហើយបានយកឈ្មោះខ្ញុំជាប្រធានបទមួយសម្រាប់បម្រើមហិច្ឆតាទុច្ចរិត និងស្មោកគ្រោករបស់ពួកគេ ។

សម្ដេចក្រឡាហោម  បន្ដថា ក្នុងនាមខ្ញុំជាអនុប្រធានគណបក្សប្រជាជនកម្ពុជា ខ្ញុំសូមជម្រាបជូនប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេសបងប្អូនជនរួមជាតិដ៏ច្រើនលើសលប់ដែលគាំទ្រគណបក្សប្រជាជនកម្ពុជា មេត្តាជ្រាបថា៖ ការលើកឡើងរបស់មជ្ឈដ្ឋានដែលមាននិន្នាការប្រឆាំងនេះ ជាការប៉ុនប៉ងទាំងល្ងិតល្ងង់ក្នុងគ្រាអស់សង្ឃឹម និងជាការបំផុសបំផុលដ៏គ្រោះថ្នាក់ដល់ប្រទេសជាតិ

សម្ដេចក្រឡាហោម  ស  ខេង  គូសបញ្ជាក់ ថា  "ខ្ញុំសូមអំពាវនាវឲ្យក្រុមជនអគតិ និងទុច្ចរិតទាំងនោះ បញ្ឈប់ជាបន្ទាន់រាល់ទង្វើទាំងឡាយណាដែលប៉ះពាល់ដល់សន្តិភាព ស្ថិរភាពនយោបាយ និងរាំងស្ទះដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា និងធ្វើឲ្យសាធារណជនមានការភ័ន្តច្រឡំលើគោលការណ៍ដឹកនាំដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ"។ 

ជាថ្មីម្តងទៀត សម្ដេចក្រឡាហោម  សូមអះអាងឡើងវិញនូវគោលជំហរដ៏ពេញទំហឹងឥតងាររេរបស់ខ្ញុំថា ខ្ញុំនៅតែបន្តគាំទ្រ និងលើកទឹកចិត្តតាមការដែលអាចធ្វើបាន រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី បានបំពេញភារកិច្ចរបស់ខ្លួនឲ្យបានសម្រេច និងទទួលបានជោគជ័យយ៉ាងល្អប្រសើរ តាមយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល ដែលបានប្រកាសកាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ