ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ មានគម្រោងសាងសង់ស្ពានឆ្លងទន្លេ ២កន្លែងទៀត គឺឆ្លងពីព្រែកប្រា ឆ្លងទៅផ្លូវជាតិលេខ២ និងទៅផ្លូវ ៦០ម៉ែត្រ តំបន់អភិវឌ្ឍន៍ជើងឯក ដើម្បីសម្រួលចរាចរណ៍ដល់ប្រជាពលរដ្ឋ។

ការឱ្យដឹងបែបនេះ របស់លោក ឃួង ស្រេង បានធ្វើឡើងក្នុងឱកាសលោកនាំកិច្ចប្រជុំស្តីពី ការងារការពារសន្តិសុខ សុវត្ថិភាព ជូនប្រមុខថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល នារសៀលថ្ងៃទី៣ តុលា ដែលមានការចូលរួមពីស្នងការដ្ឋានរាជធានី, ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានី, កងកម្លាំងនៃអធិការដ្ឋានទាំង១៤ខណ្ឌ និងអភិបាលខណ្ឌទាំង១៤ ចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានលើកឡើងថា កិច្ចប្រជុំនេះធ្វើឡើងដើម្បីរកមធ្យោបាយដើម្បីដោះស្រាយការកកស្ទះចរាចរណ៍ ពិសេសគឺការសម្រួលក្បួនថ្នាក់ដឹកនាំឱ្យបានរលូន និងកាត់បន្ថយបាននូវការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ។

លោក ឃួង ស្រេង បានបញ្ជាក់ថា «ជុំវិញបញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញ បានប្រឹងប្រែងខ្លាំងណាស់ ដោយបានសាងសង់ស្ពានបេតុងខ្សែកាបកោះនរា ឆ្លងពីទីក្រុងកោះពេជ្រ ទៅទីក្រុងកោះនរា ស្ថិតក្នុងខណ្ឌច្បារអំពៅ និងខណ្ឌចំការមន ជាមួយនឹងមានគម្រោងសាងសង់ស្ពានឆ្លងទន្លេ២កន្លែងទៀត ឆ្លងពីព្រែកប្រា ឆ្លងទៅផ្លូវជាតិលេខ២ ទៅផ្លូវ៦០ម៉ែត្រ តំបន់អភិវឌ្ឍន៍ជើងឯក»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ