យ៉ាងហោចណាស់ មានសាកសពជនអន្ដោប្រវេសន៍ចំនួន ៧០នាក់ត្រូវបានគេរកឃើញ នៅឆ្នេរសមុទ្រ ភាគខាងជើង នៃទីក្រុង Mokha ប្រទេសយេម៉ែន
យេម៉ែន៖ មន្ត្រីរដ្ឋាភិបាលយេម៉ែនបានឱ្យដឹងថា យ៉ាងហោចណាស់សាកសពជនអន្ដោប្រវេសន៍ចំនួន ៧០នាក់ត្រូវបានគេរកឃើញកាលពីថ្ងៃចន្ទពីឆ្នេរសមុទ្រក្បែរទីក្រុង Yakhtul ភាគខាងជើងនៃទីក្រុង Mokha ប្រទេសយេម៉ែន។
សូមបញ្ជាក់ថា បើតាមរបាយការណ៍របស់អង្គការអន្តរជាតិ សម្រាប់ការធ្វើចំណាកស្រុក (IOM) កាលពីថ្ងៃសុក្រ ដែលបានបញ្ជាក់ថាមនុស្ស ១៨៦ នាក់បានបាត់ខ្លួនបន្ទាប់ពីទូកជនអន្ដោប្រវេសន៍ចំនួន ៤គ្រឿង បានលិចនៅឆ្នេរសមុទ្រនៃប្រទេសយេម៉ែន និងប្រទេសជីប៊ូទី។
សម្រាប់ចំនួនអ្នកស្លាប់អាចនឹងកើនឡើងបន្តទៀត ខណៈដែលប្រតិបត្តិការស្វែងរកបន្តនៅតាមបណ្តោយឆ្នេរ។ អ្នកនេសាទក្នុងស្រុកបាននិងកំពុងជួយអាជ្ញាធរក្នុងការស្រង់យកសាកសព។
គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០២៤ របាយការណ៍របស់អង្គការសហប្រជាជាតិបានបង្ហាញថា ជនចំណាកស្រុកអាហ្វ្រិកចំនួន ៦០,៨៩៧ នាក់បានចូលមកក្នុងប្រទេសយេម៉ែន បន្ទាប់ពីបានធ្វើដំណើរតាមសមុទ្រប្រកបដោយគ្រោះថ្នាក់។ ផ្លូវសមុទ្រពី Horn of Africa ទៅកាន់ប្រទេសយេម៉ែន ត្រូវបានគេស្គាល់ថា មានហានិភ័យខ្លាំង ដោយជនអន្ដោប្រវេសន៍ តែងតែធ្វើដំណើរតាមទូក ដែលមានមនុស្សច្រើនលើសលប់ និងមិនសមនឹងស្ថានភាពសមុទ្រ ដែលដំណើរការដោយអ្នករត់ពន្ធ។ មនុស្សជាច្រើនមានគោលបំណងទៅប្រទេសឈូងសមុទ្រ ដើម្បីស្វែងរកឱកាសការងារ៕