ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា នៅរយៈពេល ៩ខែ ឆ្នាំ២០២២ ការនាំចេញកសិផលមានចំនួន ២ ២២៧.៥លានដុល្លារអាមេរិក កើនឡើងប្រមាណ ១២២.៣លានដុល្លារអាមេរិក ស្មើនឹង៥.៨ភាគរយ។
ក្នុងចំណោមកសិផលផលដែលបាននាំចេញ ក្នុងនោះ ស្រូវនាំចេញមានតម្លៃ ៥០៣.៦លានដុល្លារអាមេរិក ថយចុះប្រមាណ ៩១.២លានដុល្លារអាមេរិក ស្មើនឹង១៥.៣ភាគរយ។
ការនាំចេញអង្ករមានតម្លៃ ២៩១.៥លានដុល្លារអាមេរិក កើនឡើងប្រមាណ៥.១លានដុល្លារអាមេរិក ស្មើនឹង១.៨ភាគរយ, ការនាំចេញកៅស៊ូនាំចេញមានតម្លៃ ២៧២.៨លានដុល្លារអាមេរិក កើនឡើងប្រមាណ ៧លានដុល្លារអាមេរិក ស្មើនឹង២.៦ភាគរយ និងកសិផលផ្សេងទៀតមានតម្លៃ ១ ១៥៩.៧លានដុល្លារអាមេរិក កើនឡើង ២០១.៥លានដុល្លារអាមេរិក ស្មើនឹង២១ភាគរយ។
សូមបញ្ជាក់ថា សម្រាប់ការនាំចេញរយៈពេល ៩ខែ ឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករគ្រប់ប្រភេទបានចំនួន៤៤៩ ៣២៥តោន ទៅកាន់គោលដៅចំនួន៥៥៕