ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១ នៅវិទ្យាស្ថានបច្ចេកទេសសកម្មភាពកំចាត់មីន ស៊ីម៉ាក់ខេត្តកំពង់ឆ្នាំង ខ្ញុំបានចុះមកពិនិត្យនិងវាយតំលៃការងារសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកទេសសុនខហិតរកអ្នកផ្ទុកវីរុសកូវីដ១៩។ នេះបើតាមការបញ្ជាក់របស់លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ក្នុងហ្វេសបុកផ្លូវការរបស់លោក។


ក្រោយពីបានទទួលសំណាកក្លិន(VOC)អ្នកជម្ងឺកូវីដ១៩ចំនួន៤៨សំណាក ពីក្រុមការងារបច្ចេកទេសនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលសំណាកទាំង៤៨បានឆ្លងកាត់ត្រួតពិនិត្យPCRនិងការបណ្តុះមេរោគ (cell culture)ដើម្បីធានាសុវត្ថិភាពសំណាកក្នុងការបំរើការងារហ្វឹកហ្វឺន ក្រុមជំនាញសុនខស៊ីម៉ាក់បានដំណើរការហ្វឹកហ្វឺនសុនខហិតក្លិនអ្នកផ្ទុកវីរុសកូវីដ១៩នេះតាមផែនការ។ 

លោកបានបញ្ជាក់ថាចំពោះសុនខក្រុមទី១ចំនួន៣ក្បាលដែលបានហិតរកឃើញក្លិនសំណាកនៃអ្នកជម្ងឺកូវីដ១៩ ប្រកបដោយជោគជ័យក្នុងដំណាក់កាលហ្វឹកហ្វឺនស្រាវជ្រាវបឋមនេះ។ រីឯសុនខក្រុមទី២ចំនួន៧ក្បាលទៀត កំពុងមានវឌ្ឍនភាពគួរឱ្យកត់សំគាល់។ ជាលក្ខណ:បច្ចេកទេសសុនខអាចហិតរកឃើញក្លិនសំណាកក្នុងរយ:ពេលប្រមាណតែ១០-១៥វិនាទី។ 


ការប្រើប្រាស់សុនខហិតអ្នកផ្ទុកវីរុសកូវីដ១៩មានប្រសិទ្ធភាពសំរាប់ហ្វូងមនុស្សប្រមូលផ្តុំច្រើដូចជាព្រលានយន្តហោះ ច្រកទ្វារអន្តរជាតិ និងពហុកីឡាដ្ឋានជាដើម។ ទន្ទឹងនឹងនេះលោកសូមរំលឹកថាការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកទេសសុនខហិតរកអ្នកផ្ទុកវីរុសកូវីដ១៩នេះ ជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ក្នុងការរិះរកគ្រប់មធ្យោបាយនិងលទ្ធភាពប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩។ 

លោកបានបង្ហាញក្តីមោទនចំពោះលទ្ធផលនៃការសិក្សាស្រាវជ្រាវនេះ និងមានក្តីសង្ឃឹមជឿជាក់ថានឹងឆ្លើតបតាមការរំពឹងទុក។ ជាមួយនេះដែរផ្អែកតាមអ្នកជំនាញ ឱ្យបានដឹងថា មិនទាន់មានភស្តុតាងផ្លូវការណាមួយបញ្ជាក់ថាមានការឆ្លងវីរុសកូវីដ១៩ពីមនុស្សទៅសុនខឡើយ។ 

សូមបញ្ជាក់ថា សុនខទាំងនេះកើតកម្ពុជានិងបានបង្វឹកដោយគ្រូជំនាញសុនខកម្ពុជា ក្រុមការងារបច្ចេកទេសនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលបានផ្តល់កិច្ចសហការនិងចូលរួមយ៉ាងសកម្មក្នុងការងារសិក្សាស្រាវជ្រាវនេះ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ