កងនគរបាលជាតិសិង្ហបុរីចាប់ខ្លួនជនជាតិចិនម្នាក់ ក្រោយបោកប្រាស់លុយប្រមាណ៩៩លានដុល្លារ តាមប្រព័ន្ធអ៊ិនធឺណែត
សិង្ហបុរី៖ជនជាតិចិនមួយរូបត្រូវអាជ្ញាធរជាតិសិង្ហបុរីចាប់ខ្លួនពីបទបង្កើតបណ្តាញប្រតិបត្តិការនៅលើប្រព័ន្ធអ៊ិនធឺណែតអន្តរជាតិបោកប្រាស់ និងកេងប្រវ័ញ្ចលើកុមារ រួមទំាងមានចេតនាវាយ ប្រហារតាមប្រ ព័ន្ធអ៊ិនធឺណែតផងដែរ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានCNAនៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៤។
កងនគរបាលជាតិសិង្ហបុរី(SPF) បានអះអាងថា លោកវ៉ាង យ៉ុនហេ(Wang Yunhe) មានអាយុ៣៥ឆ្នំាត្រូវចាប់ខ្លួននៅក្នុងប្រទេសសិង្ហបុរីតំាងពីថ្ងៃទី២៤ខែឧសភា ដោយសង្ស័យពីបទជាប់ពាក់ព័ន្ធនឹងសកម្មភាពឧក្រិដ្ឋលើប្រព័ន្ធអ៊ិនធឺណែតនៅក្នុងសហរដ្ឋអាម៉េរិក ខណៈដំណើរធ្វើបត្យាប័នទៅកាន់សហរដ្ឋអាម៉េរិកកំពុងតែអនុវត្តន៍នីតិវិធីបន្តទៀត។
ដោយឡែកក្រុមមន្ត្រីសហរដ្ឋអាម៉េរិកឯណោះវិញបាននិយាយថា ឈ្មោះ វ៉ាង នេះបានបើកប្រតិបត្តិការអន្តរបណ្តាញបូណិត(botnet)ទ្រង់ទ្រាយធំមានរយៈជិត១ទសវត្សរ៍មកហើយ និងធ្វើឱ្យប៉ះពាល់ដល់ប្រព័ន្ធម៉ាស៊ីនកំព្យូទ័រនៅក្នុងចំណោមប្រទេសជិត២០០ប្រជាជាតិឯណោះនៅជុំវិញពិភពលោក។
បើផ្អែកតាមក្រសួងយុត្តិធម៌សហរដ្ឋអាម៉េរិក(DOJ) បានស្រង់សំដីនាយកការិយាល័យអេហ្វប៊ីអាយ(FBI) លោកគ្រីស្តូហ្វ័រ រ៉េយ៍(Christopher Wray)បាននិយាយកាលពីថ្ងៃពុធថា ក្រុមអន្តរបណ្តាញបូណិត(botnet)នេះ ប្រើប្រាស់ជាទម្រង់រូបភាពច្រើនយ៉ាងនៃទិដ្ឋភាពនៃការបោកប្រាស់រាប់សិបលានដុល្លារ ហើយអាចចូលទៅកាន់ប្រព័ន្ធម៉ាស៊ីនកំព្យូទ័រនានានៅពាសពេញពិភពលោកតាមរយៈការក្លែងបន្លំអត្តសញ្ញាណដើម្បីកេងប្រវ័ញ្ចលើកុមារ បោកប្រាស់ផ្នែកហិរញ្ញវត្ថុ និងគម្រោងបោកច្រើនទម្រង់ទៀតដែលគេពិបាកក្នុងការកំណត់សញ្ញាណចរិតបទល្មើស។
មុនពេលឈានដល់ការចាប់ខ្លួនជនសង្ស័យនេះ អាជ្ញាធរបានចេញដីកាឆែកឆេរ និងតាមដានជាយូរមកហើយនៅក្នុងប្រទេសសិង្ហបុរី និងនៅក្នុងប្រទេសថៃឡង់ដ៍ជាដើម នេះបើតាមការឱ្យដឹងរបស់អេហ្វប៊ីអាយបានលើកឡើងប្រាប់ដល់បណ្តាញផ្សព្វផ្សាយក្នុងតំបន់។
តាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយសិង្ហបុរីដដែលបានលើកឡើងបន្តទៀតថា ចាប់ពីឆ្នំា២០១៨ រហូតដល់ឆ្នំា២០២២ លោកវ៉ាង បានទទួលលុយប្រមាណជា ៩៩លានដុល្លារអាម៉េរិកចេញពីការលក់គ្រីបតូខារិនស៊ី(cryptocurrency) និងការលួចចូលក្នុងអាយភីអាត់ធឺរ៉េស(IP addresses)លើប្រព័ន្ធម៉ាស៊ីនកំព្យូទ័រទំាងឡាយ។
ស្ថិតនៅក្នុងរយៈពេលដំណាលគ្នានេះដែរ ក៏មានការបោកប្រាស់នៅលើប្រព័ន្ធអិនធឺណែតទ្រង់ទ្រាយធំ ដែលបង្កឱ្យមាននិកម្មភាពការងារច្រើនរាប់មិនអស់ ក្នុងនោះគិតជាទំហំទឹកប្រមាណជា ៥.៩ពាន់លានដុល្លារអាម៉េរិក តាមរយៈការប្រើប្រាស់ក្រុមហ៊ុនអចលនទ្រព្យក្លែងក្លាយចំនួន២១ ដែលគេរកឃើញនៅសហរដ្ឋអាម៉េរិក ចិន សិង្ហបុរី ថៃ អារ៉ាប់រួម និងក្រុមប្រទេសស្ថិតនៅក្នុងប្រជុំដែនកោះមួយចំនួនធំទៀត៕