អាមេរិក៖Amazon កំពុងផ្អាកការជួលកម្លាំងពលកម្មសាជីវកម្មរបស់ខ្លួន ដែលជាវិធានការចុងក្រោយបំផុតរបស់ក្រុមហ៊ុនដើម្បីកាត់បន្ថយការចំណាយចំពេលមានការព្រួយបារម្ភអំពីបរិយាកាសសេដ្ឋកិច្ច ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានBBCនៅថ្ងៃទី ៤ ខែវិច្ឆកា ឆ្នាំ២០២២។
នាយកប្រតិបត្តិក្រុមហ៊ុនបានសម្រេចចិត្តបញ្ឈប់ "ការជួលបន្ថែមថ្មី" សម្រាប់កម្លាំងការងារសាជីវកម្មទាំងមូល ហើយរំពឹងថាការផ្អាកនេះនឹងមានសម្រាប់ពីរបីខែ។ Beth Galetti អនុប្រធានជាន់ខ្ពស់នៃបទពិសោធន៍ និងបច្ចេកវិទ្យារបស់មនុស្សបាននិយាយនៅក្នុងអនុស្សរណៈដែលបានបង្ហោះនៅលើគេហទំព័រ Amazon នៅថ្ងៃព្រហស្បតិ៍។
ក្រុមហ៊ុន Amazon មានបុគ្គលិក៧៩៨.០០០នាក់នៅដើមឆ្នាំ២០២០ កំពុងតែចាប់ផ្ដើមរឹតបន្តឹង ការពង្រីកប្រតិបត្តិការឃ្លាំងរបស់ខ្លួន ដោយផ្អាកប្រើប្រាស់អគារមួយចំនួន ផ្អាកការជួល និងពន្យារផែនការបើកដំណើរការឃ្លាំងថ្មីៗជាដើម។ក្រុមហ៊ុននេះ ក៏កំពុងជួបបញ្ហាចំណាយលើបុគ្គលិកផងដែរ ព្រោះគិតត្រឹមត្រីមាសទី២ដើមឆ្នាំនេះ បុគ្គលិករបស់ខ្លួនបានកើនឡើងដល់១,៥២លាននាក់ទៅហើយ។
ក្នុងនោះក៏មាន ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Google នៅសប្ដាហ៍នេះបានរាយការណ៍ពីការធ្លាក់ចុះយ៉ាងសម្បើម នូវប្រាក់ចំណេញរបស់ខ្លួន។ ទន្ទឹមនេះ បណ្ដាក្រុមហ៊ុនបណ្ដាញទំនាក់ទំនងសង្គម ដូចជា ក្រុមហ៊ុន Meta ជាដើមនិយាយថា ការលក់ Ad ពាណិជ្ជកម្មដែលជាអាជីវកម្មស្នូលរបស់ខ្លួន ក៏បានដាំក្បាលចុះខ្លាំងស្រឺតៗដែរ។
ទន្ទឹមនេះ Microsoft ដែលប្រហែលជាក្រុមហ៊ុន មានស្ថានភាពល្អជាងគេបំផុត នៅក្នុងឧស្សាហកម្មបច្ចេកវិទ្យា ក៏បានព្យាករពីការដាំក្បាលចុះនូវប្រាក់ចំណេញរបស់ខ្លួនផងដែរ។ នេះបើយោងតាមសារព័ត៌មាន Japan Times ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែតុលា៕