ចិន ប្រកាសផ្តល់ជំនួយបន្ថែមចំនួន ២០០លានយន្តដល់កម្ពុជា សម្រាប់ជួយកែលម្អជីវភាពរបស់ប្រជាពលរដ្ឋ
ភ្នំពេញ ៖ លោក លី ខឺជាង នាយករដ្ឋមន្ត្រីចិន បានប្រកាសផ្តល់ជំនួយបន្ថែមចំនួន២០០លានយន្តថែមទៀត ដល់កម្ពុជា សម្រាប់ជួយកែលម្អជីវភាពប្រជាពលរដ្ឋ និងអះអាងថា ចិននៅតែប្តេជ្ញាបន្តជួយស្តារវិស័យសំខាន់ៗជាច្រើនទៀត។
ការបញ្ជាក់អំពីការផ្តល់ជំនួយរបស់ចិន បានធ្វើឡើងក្នុងជំនួបទ្វេភាគីរវាង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក លី ខឺជាង នាយករដ្ឋមន្ត្រីចិន នៅវិមានសន្តិភាព នាល្ងាចថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។
លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ក្នុងជំនួយបនេះ លោក លី ខឺជាង បានថ្លែងថា ទំនាក់ទំនងរវាងកម្ពុជា និងចិន ជាទំនាក់ទំនងស៊ីជម្រៅលើគ្រប់វិស័យ។ លោកនាយករដ្ឋមន្ត្រី បានអះអាងថា ទោះបីជាយ៉ាងណាក៏ដោយ ចិននឹងបន្តជួយកម្ពុជា ឱ្យមានវឌ្ឍនភាពបន្ថែមទៀត ក្នុងនោះចិននឹងផ្តល់ជំនួយបន្ថែមដល់កម្ពុជា ទៅលើវិស័យជារួមមាន ទី១៖ ទឹកប្រាក់ចំនួន ២០០លានយ័ន្តសម្រាប់ជួយកែលម្អជីវភាពប្រជាពលរដ្ឋកម្ពុជា។
ចិននឹងបន្តជួយដល់ការស្តារឡើងវិញនូវបេតិកភណ្ឌកម្ពុជា បង្កើនចំនួនិស្សិតកម្ពុជាទៅបន្តការសិក្សានៅប្រទេសចិន ជួយដល់សកម្មភាពដោះមីន ជួយដល់វិស័យ ជួយដល់ការរៀបចំការប្រកួតស៊ីហ្គេមនៅឆ្នាំខាងមុខ ក៏ដូចជាជួយដល់កីឡាករកីឡាការិនីកម្ពុជា ជួយការស្ថាបនាស្ពានឆ្លងទន្លេមេគង្គ ជួយដល់ការស្ថាបនាផ្លូវដែកតភ្ជាប់កម្ពុជា-ថៃ-ឡាវ និងប្រទេសចិន និងជាពិសេសជួយកម្ពុជាក្នុងវិស័យកសិកម្ម ធ្វើយ៉ាងណាឱ្យផលិតផលកសិផលរបស់កម្ពុជាមានគុណភាពអាចនាំចេញទៅប្រទេសចិនស្របតាមកូតាដែលប្រគល់ជូន ក៏ដូចជាមានគុណភាពសម្រាប់នាំចេញទៅប្រទេសក្រៅផងដែរ។
ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានសម្តែងការស្វាគមន៍ និងសម្តែងនូវអំណរគុណចំពោះ លោក លី ខឺជាង និងប្រតិភូចិន ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា និងចូលរួមកិច្ចប្រជុំកំពូលអាស៊ាន។ សម្តេចបានថ្លែងអំណរគុណចំពោះជំនួយបន្ថែម និងបញ្ជាក់អំពីការផ្តល់ជំនួយដល់កម្ពុជា ជួយកម្ពុជាឱ្យមានវឌ្ឍនភាពកាន់តែខ្លាំងឡើងថែមទៀត៕