ភ្នំពេញ ៖ កម្ពុជា-តួកគីសុទ្ធតែចង់ពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍បន្ថែមទៀត និងចង់ឱ្យមានចលនាទេសចរទៅមកកើនឡើង ដូច្នេះហើយទើបឯកអគ្គរដ្ឋទូតថ្មីនៃស្ថានទូតតួកគីប្រចាំកម្ពុជា លោកស្រី អ៊ូលឃូ កូចេអ៊ែហ្វ៊ែ (ÜLKÜ KOCAEFE) ប្ដេជ្ញាជំរុញឱ្យមានជើងហោះហើរត្រង់កម្ពុជា-តួកគីឱ្យបានក្នុងអាណត្តិបេសកកម្មរបស់ខ្លួន។
ការសន្យានេះធ្វើឡើងនាឱកាសដែលលោកស្រី អ៊ូលឃូ កូចេអ៊ែហ្វ៊ែ ជួបសម្ដែងការគួរសមជាមួយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នារសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងទេសចរណ៍ បន្ទាប់ពីលោកជំទាវទទួលបេសកកម្មថ្មីជាឯកអគ្គរដ្ឋទូតសាធារណរដ្ឋតួកគីប្រចាំកម្ពុជា។
លោករដ្ឋមន្ត្រី ថោង ខុន បានជម្រាបជូនលោកជំទាវឯកអគ្គរដ្ឋទូតអំពីស្ថានភាពទេសចរណ៍កម្ពុជាដែលកំពុងងើបឡើងវិញបណ្ដើរៗ តាមរយៈការខិតខំស្ដារនិងលើកស្ទួយវិស័យទេសចរណ៍ឡើងវិញក្នុងដំណាក់កាលវិបត្តិជំងឺកូវីដ១៩ ពីសំណាក់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។ ប្រការនេះបានជំរុញឱ្យកម្ពុជាទទួលបានភ្ញៀវអន្តរជាតិជិត១លាននាក់ (កើនឡើង ៧២០%) ត្រឹមរយៈពេល៨ខែឆ្នាំ២០២២។
លោកស្រី អ៊ូលឃូ កូចេអ៊ែហ្វ៊ែ បានកោតសរសើរអំពីភាពល្អប្រសើរនៃការគ្រប់គ្រងស្ថានភាពកូវីដ១៩នៅកម្ពុជា ការគោរពបាននូវវិធានការសុខាភិបាលរបស់ប្រជាជនកម្ពុជា ការយកចិត្តទុកដាក់ចំពោះសុខភាព/អាយុជីវិតរបស់ប្រជាជន តាមរយៈគោលនយោបាយចាក់ស្រោចវ៉ាក់សាំង និងការទប់ស្កាត់ការរីករាលដាលជំងឺកូវី១៩របស់រាជរដ្ឋាភិបាល។
លោកស្រី វក៏ពេញចិត្តជាខ្លាំងចំពោះភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា គឺដូចការផ្សព្វផ្សាយនៅក្រៅប្រទេសពិតមែន។ លោកស្រី បានបង្ហាញអារម្មណ៍មានភាពកក់ក្ដៅ មានសុវត្ថិភាពក្នុងការមករស់នៅនិងបំពេញបេសកកម្មនៅកម្ពុជានេះ ហើយមានចំណាប់អារម្មណ៍ខ្លាំងចំពោះគោលដៅទេសចរណ៍នៅកម្ពុជា ពិសេសតំបន់បេតិកភណ្ឌអង្គរ៕
អត្ថបទទាក់ទង
-
ក្រសួងទេសចរណ៍ រៀបចំស្តង់ដាអាជីវកម្មទេសចរណ៍ថ្មីក្នុងសម័យកូវីដ