ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបាត់ដំបង បានថ្លែងឱ្យដឹងថា ដើម្បីប្រឆាំងនឹងខ្មាំងសត្រូវបាន គឺត្រូវប្រឆាំងនឹងខ្លួនឯងជាមុនសិន។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាវិទ្យាល័យជ្រៃ ចំនួន១ខ្នង ២ជាន់ មាន១២បន្ទប់ និងសមិទ្ធផលនានា ស្ថិតនៅភូមិក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ សម្ដេចក្រឡាហោម ស ខេង បានទាញចំណាប់អារម្មណ៍អង្គពិធីអំពីទស្សនាទាន ខ្មាំងសត្រូវក្នុងសម័យសន្តិភាពដែលខុសពីខ្មាំងសត្រូវសម័យសង្គ្រាម ពោលគឺសម័យសន្តិភាពដូចបច្ចុប្បន្ន ខ្មាំងសត្រូវរបស់យើងទាំងអស់គ្នាធំបំផុតគឺភាពក្រីក្រ និងភាពល្ងង់ខ្លៅ។ 

សម្ដេច ក៏បានបន្តពន្យល់ទៀតថា«ដើម្បីប្រឆាំងនឹងខ្មាំងសត្រូវទាំងពីរនេះ ជាដំបូងគឺយើងត្រូវប្រឆាំងនឹងខ្លួនឯងជាមុនសិន»។ សម្ដេច បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋខិតខំប្រឹងប្រែងបំពេញការងារតាមជំនាញរៀងៗខ្លួន ហើយសិស្សានុសិស្សទាំងអស់ត្រូវខិតខំសិក្សា និងអភិវឌ្ឍន៍សមត្ថភាព។

សម្ដេច បានបន្តទៀតថា «ធនធានមនុស្សគឺធានធានគន្លឹះដែលបង្កើតលទ្ធផល សមិទ្ធផល និងស្នាដៃរាប់មិនអស់»។ ភ្ជាប់នឹងការថ្លែងជំរុញកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ធនធានមនុស្ស សម្ដេចក្រឡាហោម ស ខេង បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមថែរក្សាការពារសុខសន្តិភាព និងស្ថិរភាពជាតិ។ សម្ដេច បានរម្លឹកដោយគូសបញ្ជាក់ថាកម្ពុជាកាលពីអតីតកាលបានប្រឈមមុខភាពក្រីក្រនិងសង្គ្រាមស៊ីវិលជាបន្តបន្ទាប់ ធ្វើឱ្យប្រទេសជាតិ និងប្រជាជន គ្មានឱកាសពង្រឹងការបណ្ដុះបណ្ដាលធនធានមនុស្សប្រកបដោយគុណភាពដូចបច្ចុប្បន្ននេះឡើយ។

លើសពីនេះ សម្ដេចក្រឡាហោម ក៏បានមានប្រសាសន៍ អំពីភាពជោគជ័យនៃការគ្រប់គ្រងជំងឺកូវីដ-១៩ ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ផលប្រយោជន៍ប្រជាជនបានមកពីការអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ គោលនយោបាយភូមិឃុំ-សង្កាត់មានសុវត្ថិភាព ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស និងគ្រឿងញៀនជាដើម។ សម្ដេច បានអំពាវនាវឱ្យប្រជាពលរដ្ឋអប់រំសមាជិកក្រុមគ្រួសារឱ្យចៀសឆ្ងាយពីគ្រឿងញៀន និងចូលរួមសហការជាមួយសមត្ថកិច្ចដើម្បីប្រឆាំងនឹងគ្រឿងញៀន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ