សពស្ដ្រីម្នាក់ដែលលង់ទឹកអូរស្លាប់ ពេលលួចហែលឆ្លងកាត់ព្រំដែនកម្ពុជា-ថៃ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ ត្រូវបានគេប្រទះឃើញនៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០នេះ នៅចំណុចដីចំការក្រូចមួយកន្លែង ស្ថិតក្នុងភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នៅម្ខាងស្ទឹងដីថៃ។

គួរជម្រាបថា ស្ត្រីខ្មែរម្នាក់បានលង់ទឹកស្លាប់ នៅក្នុងអូរមួយតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ នៃភូមិសាស្ត្រខេត្តប៉ៃលិន ក្នុងពេលដែលរូបគាត់ ជាមួយពលករខ្មែរដទៃទៀត បានលួចឆ្លងដែនពីប្រទេសថៃ មកកម្ពុជាតាមច្រករបៀង ហើយចុះដើរកាត់ទឹកអូរ ដែលកំពុងជន់ហូរខ្មួលខ្មាញ់ ក៏ស្រាប់តែត្រូវទឹកហូរកួចយកទៅ បណ្ដាលឲ្យលង់ស្លាប់បាត់បង់ជីវិត។ពលករឆ្លងដែនទាំងនោះមានគ្នា៣នាក់ ពួកគេត្រូវជាម្តាយ ឪពុក កូននឹងគ្នា ដោយបានលួចឆ្លងដែនពីប្រទេសថៃចូលមកកម្ពុជា ឆ្លងកាត់អូរមួយតាមបណ្ដោយព្រំដែន ប៉ុន្តែស្ត្រីជាម្តាយហែលឆ្លងអូរមិនផុត ក៏ត្រូវស្លាប់ដោយសារលង់ទឹកអូរនោះទៅ។

គួរបញ្ជាក់ថា ស្រ្តីដែលបានស្លាប់នោះមានឈ្មោះ សេង ស្រីម៉ៅ អាយុ៤១ឆ្នាំ រស់នៅភូមិស្វាយមាស ឃុំកណ្តុរជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ចំណែកប្តីមានឈ្មោះ ឆោ ឆេង អាយុ៤១ និងកូនស្រីមានឈ្មោះ ឆេង ដាណេត អាយុ១៥ឆ្នាំ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ