បន្ទាយមានជ័យ ៖ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥  លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពីធីប្រកាសទទួលស្គាល់ខេត្តបន្ទាយមានជ័យជាខេត្តទី១៨ ដែលទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។

តាមរយៈរបាយការណ៍ស្វាគមន៍របស់ ឯកឧត្តម អ៊ុ រាត្រី អភិបាលនៃគណៈអភិបាលខេត្ត បានបង្ហាញអំពីស្ថានភាពទឹកស្អាត និងអនាម័យក្នុងខេត្តបន្ទាយមានជ័យ ដោយខេត្តបែងចែកចេញជា ២ក្រុង និង ៧ស្រុក មានចំនួន ៥៥ឃុំ និង១២សង្កាត់ មានភូមិចំនួន ៦៦៤ភូមិ មានប្រជាជនចំនួន ២០១ ៣៨១គ្រួសារ ក្នុងនោះខ្នងផ្ទះប្រើប្រាស់បង្គន់សរុប ១៧០ ២៩៩ខ្នងផ្ទះ ស្មើនឹង១០០% ខ្នងផ្ទះប្រើប្រាស់បង្គន់ផ្ទាល់ខ្លួនចំនួន ១៦៣ ០៤៩ខ្នងផ្ទះ ស្មើនឹង ៩៥,៧៤%, ខ្នងផ្ទះប្រើបង្គន់រួមចំនួន ៧ ២៥០ខ្នងផ្ទះ ស្មើនឹង ៤,២៦% ដោយឡែក ក្រុង ស្រុក ឃុំ សង្កាត់ និងភូមិដែលសម្រេចបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលមានចំនួន ២ក្រុង ៧ស្រុក ស្មើនឹង១០០%, ៦៧ឃុំ សង្កាត់ ស្មើនឹង ១០០%, ៦៦៨ភូមិ ស្មើនឹង១០០%។

បន្ទាប់ពីបានស្ដាប់របាយការណ៍ស្វាគមន៍ និងចំណាប់អារម្មណ៍រួចមក លោក ឆាយ ឫទ្ធិសែន បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលខេត្តបន្ទាយមានជ័យសម្រេចបាន នាពេលកន្លងមកលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាពិសេសការផ្លាស់ប្តូរកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែមានភាពប្រសើរឡើង និងការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យដែលបានធ្វើឱ្យប្រជាពលរដ្ឋបានផ្លាស់ប្តូរទម្លាប់ពីការផឹកទឹកគ្មានសុវត្ថិភាព មកផឹកទឹកស្អាតជួយទ្រទ្រង់សុខភាព, ពីការបន្ទោបង់ពាសវាលពាសកាល មកការប្រើប្រាស់បង្គន់អនាម័យត្រឹមត្រូវ និងមានរបៀបរស់នៅប្រកបដោយភាពស៊ីវិល័យ ព្រមទាំងបានអំពាវនាវដល់រដ្ឋបាលខេត្ត និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ឱ្យបន្តការចូលរួមលើការផ្គត់ផ្គង់ទឹក និងអនាម័យជនបទ ជាពិសេសគឺការរិះរកយន្តការរក្សានិរន្តរភាពខេត្ត ODF និងជំរុញការងារទៅសម្រេច ODF Plus នាពេលដ៏ខ្លីខាងមុខ។

សូមជម្រាបជូនថា គិតត្រឹមថ្ងៃនេះ មានរាជធានី ខេត្តចំនួន ១៨ហើយ ដែលទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាលវាលពាលកាល ODF និង ODF+៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ