ភ្នំពេញ ៖ ការនាំចូលប្រេងឥន្ធនៈរបស់កម្ពុជាពីទីផ្សារអន្តរជាតិមានតម្លៃជាង ៩៧១លានដុល្លារអាមេរិក កើនឡើង ៥៧.៣៦% ក្នុងរយៈពេល៥ខែដើមឆ្នាំ២០២២នេះ។ នេះបើយោងតាមរបាយការណ៍ក្រសួងពាណិជ្ជកម្ម។

របាយការណ៍ដដែលនេះ បានបង្ហាញថា ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២២ កម្ពុជាបាននាំចូលប្រេងឥន្ធនៈ មានតម្លៃ ជាង ៩៧១ លាន ដុល្លារ កើនឡើងជាង ៣៥៤លានដុល្លារ ឬស្មើនឹង ៥៧.៣៦% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១ ដែលមានចំនួនត្រឹមតែជាង៦១៧លានដុល្លារប៉ុណ្ណោះ។

ប្រភពដដែល បន្ដថា ក្នុងនោះការនាំចូលប្រេងសាំង មានតម្លៃជាង៣៤១លានដុល្លារ កើនឡើង១០៣.១១% និងប្រេងម៉ាស៊ូតមានតម្លៃ៦២៩លានដុល្លារ កើនឡើង ៤០.២០% បើធៀបនឹងកាលពីឆ្នាំមុន។

យោងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម កាលពីសប្តាហ៍មុន តម្លៃប្រេងសាំងនៅលើទីផ្សារអន្តរជាតិ ថ្លៃជាមធ្យមជាង១៤៩ដុល្លារក្នុងមួយប៉ារ៉ែល និងប្រេងម៉ាស៊ូត ថ្លៃជាមធ្យម១៧៩ដុល្លារក្នុងប៉ារ៉ែល។ តម្លៃប្រេងសាំងលក់រាយតាមស្ថានីយ៍នានា ក្នុងរយៈពេល១០ថ្ងៃនេះ ថ្លៃ៥៨០០រៀលក្នុងមួយលីត ម៉ាស៊ូត ៦៣០០រៀលក្នុងមួយលីត្រ និងសាំងស៊ុបពែរថ្លៃ៦៤០០រៀលក្នុងមួយលីត្រ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ