ដាកា៖ ក្រុមមន្ត្រីបាននិយាយកាលពីថ្ងៃអាទិត្យ ទី២៥ ខែសីហា ថា មនុស្សយ៉ាងហោចណាស់ ២០នាក់បានស្លាប់ និងជាង ៥,២លាននាក់បានរងផលប៉ះពាល់នៅក្នុងប្រទេសបង់ក្លាដែស ដោយសារទឹកជំនន់ ដែលបណ្តាលមកពីភ្លៀងមូសុងមិនឈប់ឈរ និងទឹកតាមដងទន្លេជោរជន់ខ្លាំង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃចន្ទ ទី២៦ ខែសីហា ឆ្នាំ២០២៤។

ទឹកជំនន់បានធ្វើឱ្យប្រជាជនជាច្រើនមិនអាចទាក់ទងគ្នាបាន និងត្រូវការអាហារ ទឹកស្អាត ថ្នាំពេទ្យ និងសម្លៀកបំពាក់ស្ងួតជាបន្ទាន់ ជាពិសេសនៅតំបន់ដាច់ស្រយាលដែលមានផ្លូវថ្នល់កាត់ផ្ដាច់បានរារាំងដល់កិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះ។

ប្រធានទីប្រឹក្សារដ្ឋាភិបាលបណ្ដោះអាសន្ន លោក Mohammad Yunus បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា រដ្ឋាភិបាលបានអនុម័តវិធានការចាំបាច់ទាំងអស់ ដើម្បីធានាឱ្យមានការវិលមករកភាពប្រក្រតីវិញយ៉ាងឆាប់រហ័សសម្រាប់ជនរងគ្រោះដោយទឹកជំនន់ ដោយធ្វើការសម្របសម្រួលជាមួយស្ថាប័នរដ្ឋាភិបាល និងឯកជន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ