ភ្នំពេញ ៖ រយៈពេល១១ខែ ឆ្នាំ២០២២ ពោលចាប់ពីខែមករា ដល់ខែវិច្ឆិកា កម្ពុជារកចំណូលបានជិត ៤៧០លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ។

របាយការណ៍ បានបញ្ជាក់ថា ចំណូលសរុបគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២២ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន ៤៦៩,៧០២,៦២៨ដុល្លារ ក្នុងនោះចំណូលពីការនាំចេញជ័រកៅស៊ូចំនួន ៤៦៥,៨៣៨,៣៨៨ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូចំនួន ៣,៨៦៤,២៤០ដុល្លារ។

ចំពោះបរិមាណ នៃការនាំចេញគិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២២ កម្ពុជាបាននាំចេញជ័រកៅស៊ូចំនួន ៣២២,៥៨៦តោន បានកើនឡើងចំនួន ៩,១៣៩តោន ស្មើនឹង១៩% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន ២៤,៩៨៩ម៉ែត្រគូប។

បើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ បានគូសបញ្ជាក់ថា សម្រាប់តម្លៃលក់ជ័រកៅស៊ូមធ្យម គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២២ ថ្លៃ ១,២៣១ដុល្លារ ក្នុងមួយតោន បានថយចុះចំនួន ៣១ដុល្លារក្នុងមួយតោន ស្មើនឹង២.៥% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។

គិតត្រឹមខែវិច្ឆិកា ឆ្នាំ២០២២ ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤,៥៧៨ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១៥,៣៣២ហិកតា ស្មើនឹង៧៨% និងផ្ទៃដីថែទាំមានចំនួន ៨៩,២៤៦ហិកតា ស្មើនឹង២២%៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ