ក្រុមមន្ត្រីឧតុនិយមចិនព្រមានថាខេត្តជាច្រើន ជាពិសេសខេត្ត Hunan អាចនឹងទទួលរងភ្លៀងធ្លាក់ខ្លាំង និងគ្រោះទឹកជំនន់រយៈពេល២ថ្ងៃខាងមុខនេះ
ចិន៖ក្រុមមន្ត្រីឧតុនិយមចិន នៅថ្ងៃចន្ទ ទី២៨ ខែសីហានេះបានព្រមានថាខេត្តជាច្រើន ជាពិសេសគឺខេត្ត Hunan អាចនឹងទទួលរងភ្លៀង ធ្លាក់ខ្លាំង និងគ្រោះទឹកជំនន់ភ្លាមៗ នៅរយៈពេល ២ថ្ងៃខាងមុខនេះ ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានCNNនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣។
នៅក្នុងនោះដែរ មន្ត្រីនៅមូលដ្ឋានបានជម្លៀសមនុស្សច្រើនជាង ៣,០០០នាក់ ទៅកាន់កន្លែងមានសុវត្ថិភាពក្នុងខេត្តហ៊ូណាន់ ភាគពាយព្យនៃប្រទេស កាលពី ចុងសប្ដាហ៍កន្លងទៅនេះ ស្របពេលភ្លៀងធ្លាក់ខ្លាំងកំពុងធ្លាក់លើតំបន់Sangzhi ខេត្ត Shimen ខេត្តYongshun និងទីក្រុង Zhangjiajie។
តំបន់ Sangzhi កត់ត្រាកម្រិតទឹកភ្លៀងខ្ពស់បំផុតក្នុងឆ្នាំ២០២៣នេះ ជាមួយកម្រិតទឹកភ្លៀងអតិបរមា ២៥៦មីលីម៉ែត្រ កាលពីយប់ថ្ងៃសៅរ៍ ដល់ថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ ហើយនេះគឺជាកម្រិតទឹកភ្លៀងច្រើនមិនធ្លាប់មាន ក្នុងតំបន់មួយនេះចាប់តាំងពីឆ្នាំ១៩៩៨មក។
រដ្ឋាភិបាលចិនបានអំពាវនាវឱ្យប្រជាជនរបស់ខ្លួន បង្កើនការប្រុងប្រយ័ត្នខ្ពស់ពីហានិភ័យនៃគ្រោះទឹកជំនន់ ខណៈព្យុះទីហ្វុង Saola កំពុងស្ថិតនៅតំបន់សមុទ្រចិនខាងត្បូង ហើយត្រូវបានរំពឹងថាអាចនឹងបក់បោកឆ្ពោះទៅកាន់ខេត្ត Guangdong នៅថ្ងៃសុក្រសប្ដាហ៍នេះ៕
អត្ថបទទាក់ទង
-
ចិនគ្មានអ្នកស្លាប់ដោយសារកូវីដ១៩ជាលើកដំបូង