យានអាវកាសChang'e 6របស់ចិន ត្រឡប់មកផែនដីវិញ ក្រោយបញ្ចប់បេសកកម្មដោយជោគជ័យ ជាមួយនឹងសំណាកថ្ម និងដីរបស់ព្រះចន្ទ
ចិន៖ យានឆាងអ៊ឺ-៦ (Chang'e 6) របស់ប្រទេសចិន បានត្រឡប់មកផែនដីវិញ ក្រោយបញ្ចប់បេសកកម្មដោយជោគជ័យ ជាមួយនឹងសំណាកថ្ម និងដីពីអឌ្ឍគោលងងឹតរបស់ព្រះចន្ទ ដែលត្រូវបានចាត់ទុកជាការរុករកលើកដំបូងនៃផ្នែកងងឹតរបស់ព្រះចន្ទនេះ។ បេសកកម្មជាប្រវត្តិសាស្ត្រដ៏ជោគជ័យនេះ ជាជំហានឆ្ពោះទៅមុខដ៏សំខាន់សម្រាប់កម្មវិធីអវកាសប្រកបដោយមហិច្ឆតារបស់មហាអំណាចចិន។
អ្នកវិទ្យាសាស្ត្ររំពឹងថាសំណាកដែលយាននេះនាំមកជាមួយ នឹងរួមបញ្ចូលទាំងប្រភេទ ថ្មភ្នំភ្លើងអាយុ២,៥លានឆ្នាំ និងសម្ភារៈផ្សេងទៀតដែលអាចឆ្លើយនឹងសំណួរអំពីភាពខុសគ្នានៃភូមិសាស្ត្រនៅលើផ្នែកទាំងពីររបស់ព្រះចន្ទ។
អឌ្ឍគោលងងឹតបែរមុខទៅខាងលំហអាកាស ហើយត្រូវបានគេដឹងថាមានភ្នំ និងរណ្ដៅ ផ្ទុយទៅនឹងផ្នែកដែលយើងអាចមើលឃើញពីផែនដីដែលមានផ្ទៃរាបស្មើ។យានឆាងអ៊ឺ-៦ បានចុះចតនៅក្នុងអាងប៉ូលខាងត្បូងរបស់ព្រះចន្ទ ដែលជារណ្ដៅបង្កើតឡើងជាង៤ពាន់លានឆ្នាំមុន។ អ្នកវិទ្យាសាស្ត្ររំពឹងថាសំណាកទាំងនោះបានមកពីស្រទាប់ផ្សេងៗនៃអាងនោះ ដែលនឹងផ្ទុកដាននៃព្រឹត្តិការណ៍ភូមិសាស្ត្រផ្សេងៗគ្នាតាមកាលប្បវត្តិដ៏វែងអន្លាយរបស់វា។
គួររំឭកថា យានឆាងអ៊ឺ-៦ បានចាកចេញពីផែនដីនៅថ្ងៃទី ៣ ខែឧសភា ហើយការធ្វើដំណើររបស់វាមានរយៈពេល៥៣ថ្ងៃ។ គួរបញ្ជាក់ដែរថា ចិនបានចាប់ផ្តើមបេសកកម្មជោគជ័យជាច្រើនដង ទៅកាន់ឋានព្រះចន្ទ ដោយប្រមូលសំណាកពីផ្នែកទល់មុខនឹងផែនដី ជាមួយយាន ឆាងអ៊ឺ-៥ ពីមុនមក៕
អត្ថបទទាក់ទង
-
ចិនគ្មានអ្នកស្លាប់ដោយសារកូវីដ១៩ជាលើកដំបូង