ភ្នំពេញ ៖ ឆមាសទី១ឆ្នាំ២០២២នេះ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រមូលចំណូលពីវិស័យ ល្បែងពាណិជ្ជកម្មនៅកម្ពុជា បាន ប្រមាណជិត៤០លានដុល្លារអាមេរិក។ នេះបើយោងតាមរបាយការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
តាមរបាយការណ៍ដដែលនេះ បានបញ្ជាក់ថា គិតត្រឹមខែមិថុនា ឆ្នាំ២០២២នេះ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ទទួលបានចំណូលពីកម្រៃផ្សេងៗ បានចំនួន ១៤២,២០២.១១លានរៀល ឬប្រមាណជាង៣៤លានដុល្លារអាមេរិក។
តាមរបាយការណ៍ដដែលនេះ បង្ហាញដែរថា ចំណូលប្រមូលបាន ពី កាតព្វកិច្ចពីល្បែងសរុបមានចំនួន ១៤,៥៧៤.៤៥ លានរៀល ឬប្រមាណជាង៣ លានដុល្លារអាមេរិក ស្មើនឹង ៩.៦៥%នៃផែនការ ក្នុងនោះមាន ចំណូលកាតព្វកិច្ចពីល្បែងកាស៊ីណូ មានចំនួនជាង ១២,៦៤១. ៣៨លានរៀល ឬប្រមាណ ៣.១ ដុល្លារ ស្មើនឹង ៨.៥% ធៀបនឹងផែនការ និងចំណូលកាតព្វកិច្ចពីល្បែងផ្សងសំណាង ( ឆ្នោត-ឡូតូ) មានចំនួន ១,៩៣៣.០៧លានរៀល ប្រមាណជាង៤៦ម៉ឺនដុល្លារ ស្មើនឹង ៨២.១៨%ធៀបនឹងផែនការ ។
បើតាមក្រសួងសេដ្ឋកិច្ច ក្នុងឆ្នាំ២០២២នេះ គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានរៀបចំលិខិតស្តីពីការបង់កម្រៃសិទ្ធិផ្តាច់មុខប្រចាំឆ្នាំ២០២១របស់ក្រុមហ៊ុន ដែលមានទឹកប្រាក់សរុបចំនួន ៦០០,០០០ដុល្លារ និង បានរៀបចំលិខិតរំលឹកដល់ប្រតិបត្តិករ និង/ ឬកម្មសិទ្ធិករកាស៊ីណូចំនួន២២ក្រុមហ៊ុន ដែលមិនទាន់បំពេញចំណូលកាតព្វកិច្ចពីល្បែងជូនរដ្ឋប្រចាំខែ ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២២៕EB