រដ្ឋាភិបាលទីក្រុងប៉េកាំងសម្រេច ដករដ្ឋមន្ត្រីការពារជាតិ និងរដ្ឋមន្ត្រីការបរទេសចេញពីមុខដំណែងដោយស្ងាត់ស្ងៀមបំផុត
ចិន៖អាជ្ញាធរចិន បានដករដ្ឋមន្ត្រីការពារជាតិរបស់ខ្លួនចេញពីតំណែងកាលពីថ្ងៃអង្គារទី២៤ ខែតុលា ដែលជាការទម្លាក់មន្ត្រីជាន់ខ្ពស់លើកទីពីរក្នុងរយៈពេលបីខែ ដោយបង្កើតជាសំណួរអំពីស្ថិរភាពនៃក្រុមដឹកនាំរបស់ប្រធានាធិបតី ស៊ី ជីនពីង ។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ឧត្តមសេនីយ៍ លី ហ្សាំងហ្វូ ដែលបានបាត់មុខពីឆាកសាធារណអស់រយៈពេលពីរខែ ត្រូវបានបណ្តេញចេញពីតំណែងជារដ្ឋមន្ត្រីការពារជាតិ និងជាទីប្រឹក្សារដ្ឋ។ ចិនក៏បានប្រកាសផងដែរថា លោក ឈីន កាង ដែលត្រូវបានដកចេញពីតំណែងជារដ្ឋមន្ត្រីការបរទេស កាលពីខែកក្កដា ត្រូវបានដកចេញពីតំណែងទីប្រឹក្សារដ្ឋផងដែរ។
សមាជិកសភាកំពូលរបស់ប្រទេសចិន គណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាប្រជាជនជាតិ បានអនុម័តលើការដកចេញពីបុរសទាំងពីរនាក់នេះ ដោយមិនបានផ្តល់ការពន្យល់ណាមួយឡើយ។ អ្នកជំនួសតំណែងលោក លី មិនទាន់ត្រូវបានប្រកាសនោះទេ ដែលធ្វើឱ្យមហាយក្សនេះ គ្មានរដ្ឋមន្ត្រីការពារជាតិ ខណៈដែលខ្លួនរៀបចំធ្វើជាម្ចាស់ផ្ទះទទួលមន្ត្រីការពារជាតិនៅឯវេទិកាសៀងសាន Xiangshan ទីក្រុងប៉េកាំង នៅថ្ងៃទី២៩ ដល់៣១ ខែតុលា។
សូមបញ្ជាក់ថា ថ្នាក់ដឹកនាំសំខាន់ៗនៃរដ្ឋាភិបាលចិនទាំង២រូបខាងលើកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតសម្រាប់ការសង្ស័យថា មានអំពើពុករលួយទាក់ទងនឹងលទ្ធកម្មឧបករណ៍ និងការអភិវឌ្ឍ៕
អត្ថបទទាក់ទង
-
ចិនគ្មានអ្នកស្លាប់ដោយសារកូវីដ១៩ជាលើកដំបូង