កូរ៉េខាងត្បូង៖ កីឡាការិនីស្នូកឃ័រឆ្នើមរបស់កម្ពុជា លោកស្រី ស្រួង ភាវី បានគ្រងតំណែងជើងឯកលើកដំបូង ក្នុងការប្រកួតកីឡាស្នូកឃ័រ(ការ៉ុម)ដណ្ដើមពានរង្វាន់ Blue One Resort LPBA Championship (ផ្នែកនារី) នៅសាធារណរដ្ឋកូរ៉េ បន្ទាប់ពីវាយបកយកឈ្នះកីឡាការិនីម្ចាស់ផ្ទះ Kim Gayoung ដោយលទ្ធផល ៣-១សិត នៅក្នុងវគ្គផ្ដាច់ព្រ័ត្រ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ។

តាមការបញ្ជាក់របស់លោកស្រី ស្រួង ភាវី បានឲ្យដឹងថា ការប្រកួតនេះ បានធ្វើឡើងរយៈពេល៨ថ្ងៃ ចាប់ពីថ្ងៃទី១៤ រហូតដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១។ នេះជាលើកដំបូងហើយ ដែលលោកស្រីបានចូលរួមប្រកួតព្រឹត្តិការណ៍អន្ដរជាតិដ៏ធំនេះ បន្ទាប់ពីលោកស្រីបានចុះកុងត្រាប្រកួតតំណាងក្រុមហ៊ុន Blue One Resort រយៈពេល ១ឆ្នាំ។ ការប្រកួតនេះ មានកីឡាការិនីចូលរួមសរុប ៦៤នាក់ សុទ្ធសឹងជាជើងខ្លាំងកម្រិតពិភពលោក។

ទម្រាំអាចបង្កើតកំណត់ត្រាថ្មីលើទឹកដីកូរ៉េ លោកស្រីបានឆ្លងកាត់ការប្រកួតជាច្រើនវគ្គ រហូតបានឡើងវគ្គផ្ដាច់ព្រ័ត្រ ប៉ះកីឡាការិនីមានបទពិសោធយូរឆ្នាំ Kim Gayoung ហើយក្នុងការប្រកួតដណ្ដើមជើងឯក គឺកាន់តែស្វិតស្វាញថែមទៀត ដោយកីឡាការិនីកូរ៉េរូបនេះ បានបើកការនាំមុខ ១១-៧ពិន្ទុមុន នៅសិតទី១។ បន្ទាប់មកទើបកីឡាការិនី ស្រួង ភាវី វាយបកយកឈ្នះវិញ ៣សិតជាប់គ្នា ក្នុងពិន្ទុ ១១-៤, ១១-១០ និង ១១-៩ ដើម្បីគ្រងជើងឯកពានរង្វាន់ Blue One Resort LPBA Championship ។

លោកស្រី ស្រួង ភាវី បន្ដថា ការប្រកួតនេះពិតជាមានភាពតានតឹង និងជាការប្រកួតប្រជែងខ្លាំង បើធៀបនឹងការប្រកួតផ្សេងៗនៅកូរ៉េ ដ្បិតកីឡាការិនីចូលរួម ត្រូវបានជ្រើសរើស និងសម្រិតសម្រាំងសុទ្ធតែជាជើងខ្លាំង ទាំងកីឡាការិនីក្នុងស្រុក និងក្រៅស្រុក ដោយក្រុមហ៊ុនដែលបានចុះឈ្មោះចូលរួម។ ដូច្នេះ លោកស្រីពិតជាមានមោទនភាព និងបានចាត់ទុកសមិទ្ធផល ដែលកើតចេញពីការខិតខំប្រឹងប្រែងមួយនេះ គឺជាកាដូថ្មីមួយទៀតសម្រាប់ប្រទេស និងប្រជាជនកម្ពុជា រួមទាំងអ្នកគាំទ្ររបស់លោកស្រីនៅប្រទេសកូរ៉េផងដែរ។

ជាមួយការដណ្ដើមបានជើងឯកពានរង្វាន់ Blue One Resort LPBA Championship នេះ កីឡាការិនី ស្រួង ភាវី បានទទួលប្រាក់រង្វាន់ចំនួន ២០លានវ៉ុន ឬស្មើនឹងប្រមាណ ១៧,៥៧៩ដុល្លារ។ លើសពីនេះ ប្រជាជនកូរ៉េជាច្រើន បានសម្ដែងការគោរពស្រលាញ់ ហើយចាត់ទុកលោកស្រី គឺជា “នារីខ្លាំង” ម្នាក់ទៀតផង បន្ទាប់ពីលោកស្រីធ្លាប់ដណ្ដើមបានជើងឯកថ្នាក់ជាតិជាច្រើនសម័យ នៅសាធារណរដ្ឋកូរ៉េ មុននឹងដណ្ដើមបានជើងឯកពានរង្វាន់ Blue One Resort LPBA Championship លើប្រភេទកីឡាដ៏ពេញនិយមនៅកូរ៉េមួយនេះ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ