ភ្នំពេញ ៖ លោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ដ្រៃយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) ក្នុងឆ្នាំ២០២២ កន្លងទៅនេះ សមត្ថកិច្ច ធ្វើការបង្ក្រាបអំពើអាជីវកម្មផ្លូវភេទចំនួន ១៣០ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ១៤៩នាក់ និងសង្គ្រោះជនរងគ្រោះចំនួន ២២៥នាក់។
ក្នុងផ្សព្វផ្សាយរបាយការណ៍ ស្ដីពីការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ គ.ជ.ប.ជ ក្រោមអធិបតីភាព សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ជ.ប.ជ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ លោកស្រី ជូ ប៊ុនអេង បានថ្លែងថា «ករណីអំពើធ្វើអាជីវកម្មផ្លូវភេទ បង្ក្រាបបាន ១៣០ករណី/១២៤ករណី (កើន ០៦ករណី) ឃាត់ខ្លួនជនសង្ស័យចំនួន ១៤៩នាក់ អនីតិជន ១៩នាក់ និងជនបរទស ១០នាក់ មាន ៣សញ្ជាតិ»។
លោកស្រី បន្ដថា សង្គ្រោះជនរងគ្រោះចំនួន ២២៥នាក់ មានអាយុក្រោម ១៥ឆ្នាំ ចំនួន ១២៤នាក់, អាយុ១៥-១៧ឆ្នាំ ចំនួន ៣១នាក់ និងអាយុ ១៨ឆ្នាំឡើង ៧០នាក់ (ប្រគល់ឱ្យមន្ទីរសង្គមកិច្ច ៤៨នាក់ និងប្រគល់ឱ្យគ្រួសារ ១៧៧នាក់)។
លោកស្រី រដ្ឋលេខាធិការ បន្ថែមថា ដោយឡែក ការដាក់ចេញនូវ ផែនការប្រតិបត្តិការបង្កើនការបង្ក្រាបអំពើជួញដូរមនុស្សគ្រប់ទម្រង់ របស់គ.ជ.ប.ជ ចាប់ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ជាលទ្ធផលដល់ត្រឹមថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ ២០២២ សមត្ថកិច្ច បានរកឃើញជនបរទេស ៨៧១នាក់ មកពី ១២ប្រទេស ក្នុងនោះ មាន ១៦២នាក់ ត្រូវបានកំណត់អត្តសញ្ញាណរកឃើញថា ពាក់ព័ន្ធនឹងអំពើរត់ពន្ធ និងជួញដូរមនុស្ស ហើយ ៨០នាក់ទៀត ត្រូវបានកំណត់ថា ជាជនសង្ស័យប្រព្រឹត្តបទល្មើស ដែលត្រូវបានឃាត់ខ្លួន បញ្ចូនទៅតុលាការ៕