ក្នុងឆ្នាំ២០១៩កម្ពុជានាំចេញសម្លៀកបំពាក់ កង់ ទៅអង់គ្លេស ក្នុងទំហំទឹកប្រាក់ជាង ៩៧៨ លានដុល្លារអាមេរិក
លោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានអះអាងថា ក្នុងឆ្នាំ២០១៩ កន្លងទៅ កម្ពុជានាំចេញទៅអង់គ្លេសលើផលិតផលសម្លៀកបំពាក់ កង់ និងស្បែកជើង ក្នុងទំហំទឹកប្រាក់ជាង ៩៧៨ លានដុល្លារអាម៉េរិក ខណៈពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-អង់គ្លេស មានទំហំទឹកប្រាក់សរុបប្រមាណ ១,០៥ ប៊ីលានដុល្លារអាម៉េរិក។ ការលើកឡើងនេះ ក្នុងជំនួបពិភាក្សាការងារជាមួយលោក Marc Thayre អនុប្រធានបេសកកម្មនៃស្ថានទូតចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា ។
លោក សុខ សុភ័ក្ត្រ បានបង្ហាញជំហររបស់កម្ពុជាក្នុងការគាំទ្រប្រព័ន្ធពហុភាគីនិយម ក្នុងពាណិជ្ជកម្មអន្តរជាតិ គាំទ្រកិច្ចកំណែរទម្រង់អង្គការពាណិជ្ជកម្មពិភពលោកសំដៅធានាតម្លាភាពនិងភាពស្មើគ្នារវាងសមាជិក ព្រមទាំងជំរុញប្រទេសអភិវឌ្ឍន៍ រួមទាំងអង់គ្លេស ឱ្យបន្តគាំទ្រសកម្មភាពពាណិជ្ជកម្មរបស់ប្រទេសកំពុងអភិវឌ្ឍ និងប្រទេសមានការអភិវឌ្ឍតិចតួច តាមរយៈការផ្តល់ប្រព្រឹត្តកម្មដោយឡែកនិងពិសេស (S&DT) ក្នុងការធ្វើពាណិជ្ជកម្ម។
លោក Marc Thayre បានលើកឡើងពីគោលនយោបាយពាណិជ្ជកម្មរបស់ចក្រភពអង់គ្លេសក្រោយការចាកចេញពីសហភាពអឺរ៉ុប និងដំណើរការវិវត្តនៃការជ្រើសរើសអគ្គនាយកថ្មីរបស់អង្គការពាណិជ្ជកម្មពិភពលោក ដែលក្នុងនោះមានបេក្ខភាពមកពីអង់គ្លេសផងដែរ។ លោក Marc Thayre បានបង្ហាញសុទិដ្ឋិនិយមលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ពិសេសក្នុងវិស័យពាណិជ្ជកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ដែលបានប៉ះពាល់ដោយមេរោគរាតត្បាតជាសកលកូវីដ-១៩៕SP