ទីហ្វុងទី១៣ «បេប៊ីនកា»បោកបក់មកកាន់ទីក្រុងសៀងហៃ និងធ្វើឱ្យជើងហោះហើរជាង ៩០០ ត្រូវបានបិទ
សៀងហៃ ៖ អាជ្ញាធរក្នុងទីក្រុងសៀងហៃ បានចាត់វិធានការតឹងរ៉ឹងដើម្បីផ្អាកសកម្មភាពសាធារណៈជាច្រើនទៅតាំង បន្ទាប់ពីព្យុះទីហ្វុងទី១៣ ឈ្មោះ បេប៊ីនកាបានបោកបក់នៅតំបន់ឆ្នេរសមុទ្រ នៅព្រឹកថ្ងៃអង្គារ៍នេះ។ ព្យុះទីហ្វុងនេះ បានក្លាយជាព្យុះទីហ្វុងដ៏ខ្លាំងមិនធ្លាប់មាន វាយប្រហារលើទីក្រុងសៀងហៃ ចាប់តាំងពីឆ្នាំ ១៩៤៩ ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានCNNនៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៤។
ព្យុះនេះផងដែរ ក៏បង្ខំឱ្យជើងហោះហើរជាច្រើនត្រូវបានលុបចោល និងផ្លូវជាច្រើនត្រូវផ្អាកការធ្វើចរាចរណ៍ ដោយបណ្ដាលមកពីខ្យល់បក់ និងភ្លៀងធ្លាក់ខ្លាំងក្លាមិនធ្លាប់កើតមានក្នុងទីក្រុងសៀងហៃ។
អាជ្ញាធរទីក្រុងសៀងហៃ បានឲ្យដឹងថា ស្ថានីយ៍ជលសាស្ត្រនៅជិតទន្លេ Huangpu កម្ពស់ទឹកបានកើនឡើងដល់ ៤,៥ម៉ែត្រ ជិតដល់កម្ពស់ទំនប់ច្រាំងទន្លេ ដែលការកើនឡើងនេះស្ទើតែដល់តំបន់ពលរដ្ឋកំពុងតែរស់នៅ។ បច្ចុប្បន្ននេះ ក្រុមមន្ត្រីប៉ូលីសកំពុងខិតប្រឹងប្រែងតាមដានជាប្រចាំនូវកម្រិតកម្ពស់ទឹក និងដោះស្រាយគ្រោះអាសន្ន។
អាកាសយានដ្ឋានចំនួនពីររបស់ទីក្រុងសៀងហៃ គឺអាកាសយានដ្ឋានអន្តរជាតិ Shanghai Pudong និងអាកាសយានដ្ឋាន Hongqiao បានប្រកាសលុបចោលជើងហោះហើរទាំងអស់ ហើយជើងហោះហើរជាង ៩០០ ត្រូវបានបិទ។ ក្នុងនោះ ពិធីបុណ្យពាក់កណ្តាលសរទរដូវរយៈពេលបីថ្ងៃ ដែលចាប់ផ្តើមពីថ្ងៃអាទិត្យ ត្រូវបានរដ្ឋាភិបាលក្រុងសៀងហៃ បានបញ្ជាឱ្យលុបចោលរាល់សកម្មភាពពិធីបុណ្យនៅខាងក្រៅ និងការបិទកន្លែងកម្សាន្តទាំងអស់ផងដែរ៕