ភ្នំពេញ ៖ រយៈពេល៨ខែ ឆ្នាំ២០២២ ពោលចាប់ពីខែមករា ដល់ខែសីហា កម្ពុជារកចំណូលបានជាង៣០៤លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ។
របាយការណ៍ បានបញ្ជាក់ថា ចំណូលសរុបគិតត្រឹមខែសីហា ឆ្នាំ២០២២ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន ៣០៤,៣៨៤,១៦០ដុល្លារ ក្នុងនោះចំណូលពីការនាំចេញជ័រកៅស៊ូ ចំនួន ៣០១,២៩២,៥៧១ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន៣,០៩១,៥៨៩ដុល្លារ។
ចំពោះបរិមាណ នៃការនាំចេញគិតត្រឹមខែសីហា ឆ្នាំ២០២២ កម្ពុជាបាននាំចេញជ័រកៅស៊ូ ចំនួន១៩៤,០១៤តោន កើនឡើងចំនួន១,៤៥៣តោន ស្មើនឹង១% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន ២០,៦២៩ម៉ែត្រគូប។
សម្រាប់តម្លៃលក់ជ័រកៅស៊ូមធ្យម គិតត្រឹមខែសីហា ឆ្នាំ២០២២ ថ្លៃ១,៥៥៣ដុល្លារ ក្នុងមួយតោន បានថយចុះចំនួន១១៩ដុល្លារ ក្នុងមួយតោន ស្មើនឹង៧% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។
សូមបញ្ជាក់ថា គិតត្រឹមខែសីហា ឆ្នាំ២០២២ ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤,០៤៤ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១០,១៩៣ហិកតា ស្មើនឹង៧៧% និងផ្ទៃដីថែទាំមានចំនួន ៩៣,៨៥១ហិកតា ស្មើនឹង២៣%៕