ភ្នំពេញ ៖ អគ្គរដ្ឋបាលគយចិន ទើបបានអនុម័តទទួលស្គាល់ជាផ្លូវការ អនុញ្ញាតឲ្យចំការមៀនចំនួន៧៤ និងរោងចក្រវេចខ្ចប់ចំនួន៨ អាចការកែច្នៃ និងនាំចេញផ្លែមៀនស្រស់ទៅកាន់ប្រទេសចិនបានដោយផ្ទាល់។

ការអនុម័តទទួលស្គាល់ជាផ្លូវការ របស់អគ្គរដ្ឋបាលគយចិន ធ្វើឡើងនាពេលថ្មីៗនេះ បន្ទាប់ពីមន្ត្រីជំនាញរបស់ខ្លួន បានដំណើរការត្រួតពិនិត្យចំការមៀន និងរោងចក្រប្រព្រឹត្តកម្មកម្ចាត់សមាសភាពចង្រៃលើផ្លែមៀន តាមរយៈប្រព័ន្ធវីឌីអូ នាពេលថ្មីៗនេះ។

លោក កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំអនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម បានឲ្យដឹងថា «អគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន អនុម័តជាផ្លូវការរួចហើយ ឲ្យចំការមៀន៧៤ និងរោងចក្រវេចខ្ចប់ចំនួន៨ កែច្នៃ និងការនាំចេញផ្លែមៀនស្រស់ ទៅកាន់ប្រទេសចិនបាន។ ចំពោះការនាំចេញផ្លែមៀនស្រស់ទៅកាន់ប្រទេសចិន នឹងប្រព្រឹត្តិឡើងយ៉ាងជាក់លាក់នាពេលឆាប់ៗខាងមុខ ដោយមិនមានលក្ខខណ្ឌតម្រូវផ្សេងៗទៀតនោះឡើយ»។

សូមរំលឹកថា កាលពីឆ្នាំ២០២១ ដំណាំមៀននៅទូទាំងប្រទេស មានផ្ទៃដីដាំដុះសរុបចំនួន ១២ ៨៣៧ហិចតា ផ្ទៃដីប្រមូលផលមានចំនួន១០ ៥៦៥ហិចតា ដោយទទួលទិន្នផលជាមធ្យមចំនួនជាង ១២តោនក្នុងមួយហិចតា ដែលមានបរិមាណផលិផលសរុបប្រមាណ ១៣១ ៤៩៨តោន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ