ភ្នំពេញ ៖ លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា បានបញ្ជាក់ឲ្យដឹងថា ក្នុង ១ឆ្នាំ អគ្គិសនីកម្ពុជា បានចេញខាតជូនអ្នកប្រើប្រាស់តាមរយៈការឧបត្ថម្ភធនប្រមាណ ១២០លានដុល្លារសហរដ្ឋអាមេរិក ។

លោកបញ្ជាក់ថា ការចេញខាតរបស់អគ្គិសនីកម្ពុជា គឺរាប់ទាំងអ្នកប្រើប្រាស់ ទាំងលំនៅដ្ឋាន និងទាំងផ្នែកវិស័យកសិកម្ម។

ការបញ្ជាក់នេះធ្វើឡើងក្នុងឱកាសដែល លោក កែវ រតនៈ អញ្ជើញចូលរួម ក្នុងកិច្ចសន្ទនា ស្ដីពីការប្រើប្រាស់ថាមពលអគ្គិសនី សម្រាប់វិស័យកសិកម្ម នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

លោក កែវ រតនៈ បានបញ្ជាក់យ៉ាងដូច្នេះថា «មកដល់ពេលនេះការឧបត្ថម្ភធន់ ការបំពេញខាតឲ្យអ្នកប្រើប្រាស់ ទាំងលំនៅដ្ឋាន ទាំងកសិកម្ម គឺអគ្គិសនីកម្ពុជា បានចេញខាតជូនអ្នកប្រើប្រាស់ប្រមាណ ១២០លានដុល្លារសហរដ្ឋអាមេរិក ក្នុងមួយឆ្នាំរួចមកហើយ»។

លោករដ្ឋមន្ត្រីបញ្ជាក់ថា មុនកើតមានឡើងនូវវិបត្តិកូវីដ១៩ និងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ថ្លៃដើមអគ្គិសនីមានតម្លៃប្រមាណ៧៣០រៀល ប៉ុន្តែបច្ចុប្បន្ននេះ ថ្លៃដើមអគ្គិសនីបានកើនឡើងដល់ប្រមាណ១០០០រៀលក្នុង១គីឡូវ៉ាត់ម៉ោង។

លោក កែវ រតនៈ ក៏បានបញ្ជាក់ថា ទោះបីជាមានថ្លៃដើមក្នុងការផលិតអគ្គិសនីខ្ពស់ជាងមុនយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំបានកំណត់ថា អត់ឲ្យប្រែប្រួលតម្លៃអគ្គិសនី សម្រាប់គ្រប់អ្នកប្រើប្រាស់ទាំងអស់ រាប់ទាំងកញ្ចប់ឧបត្ថម្ភធន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ