ភ្នំពេញ ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឲ្យដឹងថា រយៈពេល ៥ខែ ឆ្នាំ២០២២ (ខែមករា ដល់ខែឧសភា) មានភ្ញៀវទេសចរអន្តរជាតិចូលមកទស្សនាកម្ពុជាចំនួន៣៤៣,៤៦៤នាក់ កើនឡើង២៧៥ភាគរយ ប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។
ក្នុងរយៈពេល ៥ខែនេះដែរ មានអ្នកធ្វើដំណើរតាមផ្លូវអាកាសចូលមកកម្ពុជា១៨២,៥១២នាក់ កើនឡើង៣៣៦ភាគរយ ក្នុងនោះមានមកពីប្រទេសចិន សហរដ្ឋអាមេរិក ម៉ាឡេស៊ី វៀតណាម ឥណ្ឌូណេស៊ី កូរ៉េខាងត្បូង ថៃ បារាំង សិង្ហបុរី និងឥណ្ឌា។
អ្នកធ្វើដំណើរតាមផ្លូវគោកមាន១៥៧,១១៣នាក់ កើនឡើង២១៦ភាគរយ និងតាមផ្លូវទឹកមានចំនួន៣,៨៣៩នាក់ ក្នុងនោះមានមកពីប្រទេសថៃ វៀតណាម ចិន សហរដ្ឋអាមេរិក ម៉ាឡេស៊ី ឥណ្ឌូណេស៊ី កូរ៉េខាងត្បូង បារាំង សិង្ហបុរី ហ្វីលីពីន និងឥណ្ឌា។
ជាការកត់សម្គាល់របស់លោករដ្ឋមន្ត្រី ថោង ខុន ថា នៅខែមេសា ឆ្នាំ២០២២ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន២,៧០០នាក់ក្នុងមួយថ្ងៃ នៅខែឧសភាទទួលបាន៣,៤០០នាក់ក្នុងមួយថ្ងៃ និងខែមិថុនានេះប្រហែលទទួលបាន៤,២០០នាក់ក្នុងមួយថ្ងៃ។ ជាការរំពឹងទុករបស់លោក ថោង ខុន ចាប់ពីខែកក្កដា តទៅ កម្ពុជានឹងទទួលបានទេសចរអន្តរជាតិចាប់ពី៤,៥០០ ទៅ៥,៥០០នាក់ ក្នុងមួយថ្ងៃ៕EB
អត្ថបទទាក់ទង
-
ក្រសួងទេសចរណ៍ រៀបចំស្តង់ដាអាជីវកម្មទេសចរណ៍ថ្មីក្នុងសម័យកូវីដ