ភ្នំពេញ ៖ លោក គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាល ទទួលប ន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ឲ្យដឹងថា រយៈពេល៨ខែ ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលបានប្រមាណ២,៥០០លានដុល្លារ ស្មើនឹង៨៧ភាគរយ នៃផែនការច្បាប់ថវិកាជាតិ។
ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល លោក គង់ វិបុល អញ្ជើញចូលរួមក្នុងកម្មវិធី សម្ពោធដាក់ឲ្យដំណើរការជាផ្លូវការ ឧបករណ៍វាស់ចំណុះ ស្រាបៀរ និងភេសជ្ជៈគ្មានជាតិសុរា របស់ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស ឯ.ក នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២នេះ។
លោក គង់ វិបុល បានបញ្ជាក់យ៉ាងដូច្នេះថា «មកដល់ម៉ោងនេះ ពន្ធដារបានទទួលចំណូល ប្រមាណ ២,៥០០លានដុល្លារ បើប្រៀបធៀបទៅនឹងផែនការប្រចាំឆ្នាំ បានប្រមាណជា៨៧ភាគរយ ដូច្នេះ យើងនៅរយៈពេល៤ខែទៀត ដែលត្រូវប្រមូល»។
បន្ថែមពីនោះទៀត លោក គង់ វិបុល បានអះអាងថា នៅក្នុងឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានពន្ធដារ អាចនឹងប្រមូលចំណូលលើសផែនការ នៅក្នុងច្បាប់ថវិកាជាតិ ដែលបានកំណត់ ចំនួន២,៨០០លាន ដុល្លារ គឺពន្ធដារ អាចប្រមូលចំណូលរហូតដល់ជាង៣,០០០លានដុល្លារ៕