ភ្នំពេញ ៖ លោក មាស សុភ័ណ្ឌ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានក្រើនរំលឹកដល់អ្នកសារព័ត៌មាន ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវក្រមសីលធម៌វិជ្ជាជីវៈ ចៀសឲ្យបាននូវការប្រើពាក្យអសុរោះ នៅក្នុងការធ្វើអត្ថាធិប្បាយរបស់ខ្លួន ឬនៅក្នុងវិធីផ្សព្វផ្សាយរបស់ខ្លួន ដែលអាច ឈានទៅដល់ការអនុវត្តនីតិវិធីច្បាប់ ដែលមានជាធរមាន។

ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងព័ត៌មាន» នាថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០២២ លោក មាស សុភ័ណ្ឌ បានរំលឹកថា កាលពីពេលថ្មីៗនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ដល់អនុសាសន៍ដល់ក្រសួងព័ត៌មាន ថា នៅពេលខាងមុខ ប្រសិនបើមានអ្នកសារព័ត៌មានណា ប្រើប្រាស់ភាសាជេរប្រមាថអ្នកដទៃ គឺត្រូវដកអាជ្ញាបណ្ណពួកគេតែម្ដង។ លោកថា ថ្វីត្បិតតែអនុសាសន៍របស់សម្ដេចតេជោ តម្រង់មកក្រសួងព័ត៌មានក៏ពិតមែន តែថា អនុសាសន៍នោះ ក៏សារមួយសម្រាប់អ្នកសារព័ត៌មានផងដែរ។

លោក បញ្ជាក់ថា «ថ្វីត្បិតតែអនុសាសន៍នោះ បាញ់ឆ្ពោះមកក្រសួងព័ត៌មានក៏ពិតមែន ក៏ប៉ុន្តែអនុសាសន៍នោះ ក៏ជាសារមួយសម្រាប់បងប្អូនអ្នកសារព័ត៌មានផងដែរថា ដើម្បីការប្រកបវិជ្ជាជីវៈរបស់យើងមួយ ដែលប្រកបដោយការទទួលខុសត្រូវ ប្រកបដោយសេចក្ដីថ្លៃថ្នូរ ចៀសវាងឲ្យបាននូវការប្រើពាក្យជេរប្រមាថ ពាក្យអសុរោះ»។

អ្នកនាំពាក្យក្រសួងព័ត៌មាន បានក្រើនរំលឹកទៀតថា សូមអ្នកសារព័ត៌មានទាំងអស់ ដែលកំពុងប្រកបវិជ្ជាជីវៈនៅកម្ពុជា ធ្វើយ៉ាងណាអនុវត្តឲ្យបាននូវក្រមសីលធម៌វិជ្ជាជីវៈ ចៀសឲ្យបាននូវការប្រើពាក្យអសុរោះ នៅក្នុងការធ្វើអត្ថាធិប្បាយរបស់ខ្លួន ឬនៅក្នុងវិធីផ្សព្វផ្សាយរបស់ខ្លួន ស្របទៅតាមអនុសាសន៍របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ចៀសវាងការឈានទៅដល់ការអនុវត្តនីតិវិធីច្បាប់ ដែលមានជាធរមាន៕EB

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ