កម្ពុជា មានភាពអំណោយផល និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ការវិនិយោគរបស់សិង្ហបុរី ដើម្បីច្បាមយកនូវកាលានុវត្តភាពដ៏លើសលុប ក្នុងវិស័យកសិ ចំណីអាហារ
ភ្នំពេញ ៖ លោក សុខ ចិន្ដាសោភា អគ្គលេខាធិការ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក) បានថ្លែងថា បរិស្ថានវិនិយោគនៅកម្ពុជា មានភាពអំណោយផល ជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់រង់ចាំទទួលការវិនិយោគរបស់សិង្ហបុរី ដើម្បីច្បាមយកនូវកាលានុវត្តភាពដ៏លើសលុប ក្នុងវិស័យកសិចំណីអាហារ សេវាកម្ម និងកម្មន្តសាល។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក.អ.ក។
ក្នុងសិក្ខាសាលា «ស្វែងយល់ពីកម្ពុជា ៖ ការយល់ដឹងពីការណនុវត្តភាពធុរកិច្ចនៅកម្ពុជា» តាមរយៈប្រព័ន្ធវិដេអូ នាថ្ងៃទី២៦ កក្កដា លោក សុខ ចិន្ដាសោភា បានថ្លែងអំណរគុណដល់វិនិយោគិន និងធុរជនសិង្ហបុរី ដែលបានជ្រើសយកកម្ពុជា ក្នុងការបណ្តាក់ទុននាពេលកន្លងមក។
លោក បានថ្លែងបញ្ជាក់ថា «បរិស្ថានវិនិយោគនៅកម្ពុជា មានភាពអំណោយផលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់រង់ចាំទទួលការវិនិយោគរបស់សិង្ហបុរី ដើម្បីច្បាមយកនូវកាលានុវត្តភាពដ៏លើសលុប ក្នុងវិស័យកសិចំណីអាហារ, សេវាកម្ម និងកម្មន្តសាល។ អំពាវនាវឲ្យមានការវិនិយោគកាន់តែច្រើនថែមទៀត ពីវិនិយោគិនសក្តានុពលសិង្ហបុរី ដែលនឹងរួមចំណែកដល់ការស្តារឡើងវិញ និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាបានយ៉ាងឆាប់រហ័ស»។
លោក ក៏បានសង្កត់ធ្ងន់ពីសារៈសំខាន់ នៃច្បាប់ស្តីពីវិនិយោគនៃកម្ពុជា ដែលបានអនុម័តកាលពីខែតុលា ឆ្នាំ២០២១ កន្លងទៅ ដែលផ្តល់ការលើកទឹកចិត្ត ដល់វិនិយោគិនដែលអនុវត្តអភិក្រមប្រតិបត្តិធុរកិ ច្ចប្រកបដោយការទទួលខុសត្រូវ និងបរិយាប័ន្នក្នុងការវិនិយោគ និងធុរកិច្ចប្រចាំថ្ងៃរបស់ខ្លួន។
នាឱកាសនោះ លោកស្រី តែវ ឡាយឆេង ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំនៅកម្ពុជា បានឲ្យដឹងថា សិង្ហបុរី ស្ថិតក្នុងចំណោមវិនិយោគិនបរទេសធំជាងគេទាំង៥ របស់កម្ពុជា ដោយការវិនិយោគគ្របដណ្តប់លើវិស័យនានា រួមមាន៖ អចលនទ្រព្យ, ថាមពល, ពាណិជ្ជកម្មនិងចែកចាយ, ម្ហូបអាហារ/អ្នកប្រើប្រាស់, ការអប់រំ និងហិរញ្ញវត្ថុ។ ប្រទេសទាំងពីរ មានការតភ្ជាប់ជើងហោះហើរចំនួន ៣៥ជើង ក្នុងមួយសប្តាហ៍៕EB