ភ្នំពេញ ៖ កម្ពុជាទទួលបានចំណូលជាង ២១៧លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២២ ពោលចាប់ពីខែមករា ដល់ខែមិថុនា។ នេះបើតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានកៅស៊ូ។

របាយការណ៍ បានបញ្ជាក់ថា ចំណូលសរុបគិតត្រឹមខែមិថុនា ឆ្នាំ២០២២ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ មានចំនួន២១៧,៩៣៥,៤៣១ដុល្លារ ក្នុងនោះចំណូលពីការនាំចេញជ័រកៅស៊ូ ចំនួន ២១៥,៧៦២,៦៥០ដុល្លារ និងចំណូលពីការនាំចេញឈើកៅស៊ូ ចំនួន ២,១៧២,៧៨១ដុល្លារ។

ចំពោះបរិមាណ នៃការនាំចេញគិតត្រឹមខែមិថុនា ឆ្នាំ២០២២ កម្ពុជាបាននាំចេញជ័រកៅស៊ូ ចំនួន១៣៥,១៣៧តោន កើនឡើងចំនួន៣,៣៨២តោន ស្មើនឹង៣% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ រីឯការនាំចេញឈើកៅស៊ូវិញ សម្រេចបានចំនួន ១៤,៦២៧ម៉ែត្រគូប។

សម្រាប់តម្លៃលក់ជ័រកៅស៊ូមធ្យម គិតត្រឹមខែមិថុនា ឆ្នាំ២០២២ ថ្លៃ១,៥៩៧ដុល្លារ ក្នុងមួយតោន បានថយចុះចំនួន៩១ដុល្លារ ក្នុងមួយតោន ស្មើនឹង៥% ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។

គិតត្រឹមខែឧសភា ឆ្នាំ២០២២ ផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤,០៤៤ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១០,១៩៣ហិកតា ស្មើនឹង៧៧% និងផ្ទៃដីថែទាំមានចំនួន ៩៣,៨៥១ហិកតា ស្មើនឹង២៣%៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ