ភ្នំពេញ ៖ សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា ការនាំចេញអង្ករ នៅឆមាសទី០១ ឆ្នាំ២០២២ មានកំណើនជាង១៦% បានបរិមាណសរុបចំនួន ៣២៧,២០០ តោន គិតជាទឹកប្រាក់ជាង១៩៨លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមរបាយការណ៍ របស់សហព័ន្ធស្រូវអង្ករកម្ពុជា។
របាយការណ៍បានឲ្យដឹងទៀតថា សម្រាប់ឆមាសទី១ នៃឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករគ្រប់ប្រភេទ ទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈក្រុមហ៊ុនចំនួន៥៣ក្រុមហ៊ុន បានអង្ករចំនួន ៣២៧ ២០០តោន ដែលគិតជាទឹកប្រាក់មានចំនួន ១៩៨.៦៣លានដុល្លារសហរដ្ឋអាមេរិក ។
សហព័ន្ធស្រូវអង្ករកម្ពុជា បានគូសបញ្ជាក់ថា សម្រាប់អង្ករ គឺមានការនាំចេញ អង្ករក្រអូបគ្រប់ប្រភេទ បានចំនួន៦២.៤៤% អង្ករស ចំនួន ៣៤.១២% អង្ករចំហ៊ុយ១.៩៣% និងអង្ករសរីរាង្គ ចំនួន១.៥០% និងអង្ករដំណើប ០.០១% ឬ ២៣តោន។
ក្នុងរយៈពេល៦ខែ នៃឆ្នាំ២០២២នេះដែរ កម្ពុជាបាននាំចេញស្រូវសរុបបានចំនួន ១ ៧៣៣ ១៥៧តោន ដែលគិតជាទឹកប្រាក់មានចំនួន៤០១.៩៦លានដុល្លារសហរដ្ឋអាមេរិក។ ទីផ្សារស្រូវស្ទើរ ១០០% គឺនាំចេញទៅប្រទេសវៀតណាម៕EB