ភ្នំពេញ ៖ លោក គង់ វិបុល រដ្ឋមន្ដ្រីអមនាយករដ្ឋមន្ដ្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២នេះ បានបញ្ជាក់ឲ្យដឹងថា រយៈពេល៩ខែ ឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលពន្ធសម្រេចបានជាង៩៥ភាគរយនៃផែនការច្បាប់ថវិកាជាតិ ដែលស្មើនឹងជាង ២,៦៨០លានដុល្លារ ។

ការបញ្ជាក់ឲ្យដឹងបែបនេះរបស់លោក គង់ វិបុល ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចូលរួមកម្មវិធី ស្ដីពី «បច្ចុប្បន្នភាពសារពើពន្ធ និងសវនកម្មរបស់សភាពពាណិជ្ជកម្មអាមេរិក» ដែលរៀបចំដោយ សភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AmCham Cambodia) នាសណ្ឋាគារ Raffles Hotel Le Royal នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២។

លោក គង់ វិបុល បានបញ្ជាក់យ៉ាងដូច្នេះថា «រហូតមកដល់ពេលនេះ ប្រាក់ចំណូលពន្ធ ដែលពន្ធដារប្រមូលបានជាង៩៥ភាគរយហើយ ក្នុងរយៈពេល៩ខែ ឆ្នាំ២០២២នេះ ហើយអគ្គនាយកដ្ឋានពន្ធដារ នៅសល់ពេល៣ខែទៀត ក្នុងការប្រមូលពន្ធ»។

បើតាមផែនការនៅក្នុងច្បាប់ថវិកាជាតិ ដែលបានកំណត់ឲ្យអគ្គនាយកដ្ឋានពន្ធដារ ដើម្បីធ្វើការប្រមូលចំណូលពន្ធ នៅក្នុងឆ្នាំ២០២២ មានចំនួន ២,៨០០លានដុល្លារ ខណៈរយៈពេល៩ខែឆ្នាំនេះ ពន្ធដារប្រមូលបានជាង៩៥ភាគរយ ស្មើនឹងជាង២,៦៨០លានដុល្លារ។

លើសពីនោះទៀត លោក គង់ វិបុល សង្ឃឹមថា នៅឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានពន្ធដារ នឹងប្រមូលចំណូលពន្ធ បានលើសពីផែនការ ប្រមាណ១០ ទៅ១៥ភាគរយ ដោយមិនមានបញ្ហាអ្វីនោះទេ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ