ភ្នំពេញ ៖ លោក LI XIANG MING ទីប្រឹក្សាទំនាក់ទំនងកិច្ចការនគរបាល នៃស្ថានទូតចិនប្រចាំប្រទេសកម្ពុជា បានបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃ ឲ្យបានល្អប្រសើរ លើកិច្ចការងារបណ្ដុះបណ្ដាលបច្ចេកវិទ្យាឌីជីថល។

ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ លោក LI XIANG MING បានបង្ហាញនូវជំហរយ៉ាងមុតមាំក្នុងការបន្តពង្រឹងកិច្ចសហការជាមួយ ក្រសួងមហាផ្ទៃកម្ពុជា តទៅមុខទៀត។

នាឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានលើកឡើងថា រាជរដ្ឋាភិបាល សម្រេចឲ្យមានការបង្កើតអគ្គនាយកដ្ឋានចំនួនពីរ គឺអគ្គនាយកដ្ឋានធនធានមនុស្ស និងអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលដាក់ចេញដោយរាជរដ្ឋាភិបាល ចំពោះកិច្ចការងារឌីជីថលមានសារៈសំខាន់ ហើយអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំដែលទើបតែត្រូវបង្កើតឡើងនឹងត្រូវការជំនួយ លើកិច្ចការងារបណ្ដុះបណ្ដាលមន្ត្រីជំនាញ ក៏ដូចជាលើសម្ភារៈផងដែរ។ ក្នុងន័យនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ក៏បានស្នើសុំនូវកិច្ចសហប្រតិបត្តិការបន្ថែមលើកិច្ចការងារនេះ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិនផងដែរ។

ជាការឆ្លើយតប លោក LI XIANG MING ក៏បានយល់ស្របអំពីសារៈសំខាន់នៃការងារឌីជីថល ជាពិសេសតួនាទី ភារកិច្ចរបស់អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ដោយលោកបានបន្តថា ក្រុមការងារពាក់ព័ន្ធនឹងបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការគាំទ្រកិច្ចសហប្រតិបត្តិការឲ្យបានល្អប្រសើរ និងការងារបណ្ដុះបណ្ដាលដែលបានលើកឡើងឲ្យអស់ពីសមត្ថភាព៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ