ភ្នំពេញ ៖ ធនាគារពិភពលោក បានអនុម័តលើជំនួយមានទឹកប្រាក់ចំនួន១៦៩លានដុល្លារអាមេរិក ជាកញ្ចប់ហិរញ្ញប្បទានថ្មី ដល់គម្រោងការគ្រប់គ្រងហានិភ័យ គ្រោះធម្មជាតិអាស៊ីអាគ្នេយ៍នៅកម្ពុជា ដំណាក់កាលទី២ សម្រាប់បង្កើនភាពធន់នៃបណ្តាញផ្លូវជនបទ ទៅនឹងគ្រោះធម្មជាតិ និងកត្តាអាកាសធាតុ និងសម្រាប់លើកកម្ពស់ សមត្ថភាពរបស់រដ្ឋាភិបាល ក្នុងការទ្រទ្រង់ដល់ការងារសុវត្ថិភាពផ្លូវ និងភាពធន់ទៅនឹងកត្តាអាកាសធាតុ។

យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ធនាគារពិភពលោក បានបញ្ជាក់ថា គម្រោងនេះ ជួយដល់ការសាងសង់ផ្លូវ និងស្ពាននៅតាមតំបន់រងការជន់លិចទឹក និងជួយបង្កើនសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការឆ្លើយតបទៅនឹងគ្រោះធម្មជាតិបង្កដោយអាកាសធាតុ។

គម្រោងនេះ នឹងនាំអត្ថប្រយោជន៍ដល់ប្រជាជនចំនួនប្រហែល៥.៥លាននាក់ ក្នុងនោះ ៥២ភាគរយជាស្ត្រី នៅក្នុងខេត្តចំនួនប្រាំពីរ និងដល់អ្នកដែលប្រើប្រាស់បណ្តាញផ្លូវទាំងនេះ។ មន្រ្តីរាជរដ្ឋាភិបាល ភាគច្រើនមកពីក្រសួងអភិវឌ្ឍន៍ជនបទ នឹងទទួលបានការបណ្តុះបណ្តាលតាមរយៈគម្រោងនេះ អំពីការគ្រប់គ្រងហានិភ័យគ្រោះធម្មជាតិ, ការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ និងការវាយតម្លៃតម្រូវការក្រោយមានគ្រោះធម្មជាតិ។

លោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) ប្រធានគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា បានថ្លែងថា «ជាមួយនឹងការប្តេជ្ញាចិត្តមុះមុតរបស់ក្រសួងអភិវឌ្ឍន៍ជនបទ នៃរាជរដ្ឋាភិបាលកម្ពុជា គម្រោងនេះ នឹងជួយធ្វើយ៉ាងណាឲ្យហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ឲ្យនៅមានភាពរឹងមាំ និងធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ហើយទន្ទឹមគ្នានោះជួយការពារផងដែរ ដល់ប្រជាជនងាយរងគ្រោះ ពីហេតុការណ៍គ្រោះធម្មជាតិ ដែលគ្មានអ្នកណាអាចដឹងមុន»។

កម្ពុជាជាប្រទេសមួយដែលងាយរងគ្រោះណាស់ ពីផលប៉ះពាល់អវិជ្ជមាននានា ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ ក្នុងនោះមានជាពិសេស ទឹកជំនន់ និងភាពរាំងស្ងួត ហើយហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ក៏ងាយរងគ្រោះខ្លាំងណាស់ដែរ ពីហានិភ័យនៃគ្រោះធម្មជាតិបង្កដោយអាកាសធាតុ។

បណ្តាញផ្លូវជនបទមានភាពចាំបាច់ខ្លាំងណាស់ សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់សហគមន៍ជនបទ ហើយការខូចខាតផ្នែកនានានៅលើបណ្តាញផ្លូវអាចធ្វើឲ្យជីវភាពគ្រួសារជនបទជួបការលំបាក និងបង្កឧបសគ្គដល់លទ្ធភាពទទួលបានសេវាសាធារណៈជាមូលដ្ឋាននានា មានដូចជាទីផ្សារ, សាលារៀន និងមន្ទីរពេទ្យ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ