ភ្នំពេញ៖ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាមេរិក ក្នុងរយៈពេល ៤ខែដំបូង ឆ្នាំ ២០២២ សម្រេចបានតម្លៃទឹកប្រាក់សរុបប្រមាណ ៤០០៦,៨លានដុល្លារ បានកើនឡើង ២៦,៣៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២១។ 

យោងតាមទិន្ន័យរបស់ការិយាល័យជំរឿននៃក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានបង្ហាញទៀតថា ការនាំចេញរបស់កម្ពុជា ទៅកាន់សហរដ្ឋអាមេរិក ពីខែមករា ដល់ខែមេសា ឆ្នាំ ២០២២ បានកើនឡើង ២៦,៥២ភាគរយ ដែលមានតម្លៃទឹកប្រាក់សរុបប្រមាណ ៣៨៤១,១លានដុល្លារ ខណៈការកម្ពុជានាំចូលពីសហរដ្ឋអាមេរិកវិញនៅក្នុងពេលតែមួយនេះ មានតម្លៃទឹកប្រាក់សរុបប្រមាណ ១៦៥,៧លានដុល្លារ បានកើនឡើង ២២,១៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

មុខទំនិញដែលកម្ពុជា នាំចេញភាគច្រើនមានដូចជា ផលិតផលវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងកាបូបសម្រាប់ធ្វើដំណើរ បន្ទះសឡា និងផលិតផលកសិកម្ម។ ចំណែកវមុខទំនិញសំខាន់ៗដែលកម្ពុជា នាំចូលពីសហរដ្ឋអាមេរិកវិញ មានដូចជា រថយន្ត, គ្រឿងចក្រ, គ្រឿងអេឡិចត្រូនិក ឳសថ និងបរិក្ខាពេទ្យ ជាដើម។

សហរដ្ឋអាមេរិក គឺជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា ដែលមានទំហំទឹកប្រាក់សរុបចំនួន ៨,៧៤ពាន់លានដុល្លារ កាលពីឆ្នាំ ២០២១ ក៏ប៉ុន្តែការវិនិយោគរបស់សហរដ្ឋអាមេរិកនៅកម្ពុជា មានកម្រិតតិចតួចនៅឡើយ បើគិតនៅត្រឹមឆ្នាំ ២០២១ មានតម្លៃទឹកប្រាក់សរុបត្រឹមតែ ៨៦៣លានដុល្លារប៉ុណ្ណោះ។

ការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ត្រូវគេរំពឹងថា នឹងនៅតែរក្សាបានកំណើនល្អ ខណៈដែលស្ថានភាពសេដ្ឋកិច្ចពិភពលោកនឹងងើបឡើងវិញក្នុងពេលការរាតត្បាតជំងឺកូវីដ១៩ហាក់មានការថមថយ បើទោះបីជាបញ្ហាសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន នៅតែបង្កក្តីបារម្ភសម្រាប់ពិភពលោកដែលបានជះឥទ្ធិពលដល់ការកើនឡើងនៃតម្លៃថាមពល និងស្បៀងអា ហារក៏ដោយក្តី៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ