ផ្ទាំងទឹកកកនៅតំបន់សមុទ្រទឹកកកអាក់ទិចកំពុងតែមានកម្រាស់ស្តើងទៅៗលឿនជាងការរំពឹងទុក ខណៈមានការព្រួយបារម្ភពីបញ្ហាប្រែប្រួលអាកាសធាតុ
អង់គ្លេស៖ ផ្ទាំងទឹកកកនៅតំបន់សមុទ្រទឹកកកអាក់ទិច នៃប៉ូលខាងជើង ហាក់កំពុងតែមានកម្រាស់ស្តើងទៅៗ លឿនជាងការរំពឹងទុកកន្លងមកដល់ទៅទ្វេដង ដោយធ្វើអោយមានផលប៉ះពាល់គួរអោយព្រួយបារម្ភចំពោះការប្រែប្រួលអាកាសធាតុ នេះបើតាមការសិក្សាស្រាវជ្រាវថ្មីមួយនៅចក្រភពអង់គ្លេស ។ នេះបើយោងតាមប្រភព CNA
ការសិក្សាវិភាគមួយដឹកនាំដោយក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យ UCL របស់ចក្រភពអង់គ្លេសបានសន្និដ្ឋានថា ផ្ទាំងទឹកកនៅតំបន់សមុទ្រទឹកកកអាក់ទិច កំពុងតែមានកម្រាស់ស្តើងទៅៗក្នុងល្បឿនចន្លោះ៧០-១០០ភាគរយ លឿនជាងអ្វីដែលអ្នកវិទ្យាសាស្រ្តធ្លាប់បានមូលមតិគ្នាសន្និដ្ឋាននាពេលកន្លងមក ។ ក្រុមស្រាវជ្រាវនៃការសិក្សានេះ បានប្រើប្រាស់ផែនទីដែលមានទិន្នន័យថ្មីៗ នៃជម្រៅព្រិលនៅលើផ្ទាំងទឹកកកក្នុងតំបន់នោះ ។
គួរបញ្ជាក់ថា តំបន់សមុទ្រទឹកកកអាក់ទិច គឺជាជម្រកនៃផ្ទាំងកកកសរុបទំហំរាប់លាន គីឡូម៉ែត្រក្រឡា ដែលមានសារៈសំខាន់ជាខ្លាំង ដើម្បីបន្ថយកម្តៅភពរបស់យើង ប៉ុន្តែបច្ចុប្បន្នវាកំពុងតែកើនឡើងសីតុណ្ហភាពខ្លាំងឡើងៗ ។
គួររម្លឹកថា កាលពីខែមុន បណ្តាប្រទេសនៅតំបន់អាក់ទិក រួមមានទាំងសហរដ្ឋអាមេរិក និងរុស្ស៊ីបានសន្យាថា នឹងប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ក៏ដូចជាដើម្បីការពារសន្តិភាពនៅក្នុងតំបន់ ៕ RT