កូរ៉េខាងជើងប្រកាសប្រើប្រាស់វិធានការទប់ស្កាត់សង្គ្រាម
កូរ៉េខាងជើង ៖ កូរ៉េខាងជើងបានសម្រេចចិត្តប្រើប្រាស់វិធានការដើម្បីទប់ស្កាត់សង្គ្រាម ដោយរៀបចំសកម្មភាពប្រតិបត្តិការយ៉ាងសំខាន់ ។ ការប្រកាសនេះ គឺមុនពេលកូរ៉េខាងត្បូង និងអាមេរិកនឹងចាប់ផ្តើមធ្វើសមយុទ្ធរួមគ្នាដ៏ធំមួយក្នុងរយៈពេល៥ឆ្នាំ ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន TNN World នៅថ្ងៃទី១៣ មីនា ២០២៣។
ក្នុងកិច្ចប្រជុំគណៈកម្មាធិការយោធានៃគណបក្សពលករ ដែលមានលោក គឹម ជុងអ៊ុន មេដឹកនាំកំពូលនៃប្រទេសកូរ៉េខាងជើងធ្វើជាប្រធាននៃកិច្ចប្រជុំដើម្បីពិភាក្សា និងសម្រេចចិត្តប្រើប្រាស់វិធានការគ្រប់គ្រងសកម្មភាពសំខាន់ៗដើម្បីទប់ស្កាត់សង្គ្រាមប្រកបដោយប្រសិទ្ធភាព និងពង្រឹងកងកម្លាំងឱ្យកាន់តែខ្លាំងក្លាជាមុន ។ ការប្រកាសចាត់វិធានការរបស់កូរ៉េខាងជើងនេះ គឺក្នុងគោលបំណងទប់ស្កាត់ស្ថានការណ៍បច្ចុប្បន្ន ខណៈកូរ៉េខាងជើងអះអាងថា កូរ៉េខាងត្បូង និងអាមេរិកកំពុងតែបង្កសង្គ្រាម ។
កាលពីមុន កូរ៉េខាងត្បូង និងអាមេរិកបានប្រកាសថា ប្រទេសទាំងពីរនឹងធ្វើសមយុទ្ធរួមគ្នាមួយក្រោមឈ្មោះថា Freedom Shield នាពេលឆាប់ៗនេះ ។ ការធ្វើសមយុទ្ធរួមគ្នារវាងប្រទេសទាំងពីរ គឺផ្តោតទៅលើស្ថានភាពសន្តិសុខដែលកំពុងផ្លាស់ប្តូរ ព្រោះកូរ៉េខាងជើងបានបង្កើនការឈ្លានពានរបស់ខ្លួនរហូតដល់២ដង។
មេដឹកនាំកំពូលកូរ៉េខាងជើងបានបញ្ជាឱ្យកងទ័ពរបស់ខ្លួនបង្កើនការហ្វឹកហាត់សម្រាប់ត្រៀមខ្លួនធ្វើសង្គ្រាមពិតប្រាកដ ។ លោក គឹម ជុងអ៊ុន បានថ្លែងក្នុងអំឡុងពេលត្រួតពិនិត្យការហ្វឹកហាត់ការបាញ់ប្រហាររបស់កងទ័ពថា កងទ័ពត្រូវត្រៀមខ្លួនសម្រាប់ភារកិច្ចផ្នែកយុទ្ធសាស្ត្រ២យ៉ាង គឺការទប់សង្កាត់សង្គ្រាម និងចាប់ផ្តើមធ្វើសង្គ្រាម ។
ទោះយ៉ាងណា អ្នកវិភាគមើលឃើញថា កូរ៉េខាងជើងនឹងយកការធ្វើសមយុទ្ធរួមគ្នារវាងកូរ៉េខាងត្បូង និងអាមេរិក ធ្វើជាលេសដើម្បីធ្វើសកម្មភាពអាក្រក់ថែមទៀត ដូចជា សាកល្បងបាញ់មីស៊ីល ឬសាកល្បងអាវុធនុយក្លេអ៊ែរ ជាដើម ៕