ចិន៖ប៉ូលីសចិន តាំងពីថ្ងៃទី ០៣ មករា បាននាំខ្លួន "មេឧក្រិដ្ឋជនបោកប្រាស់តាមអ៊ីនធឺណេត"ដែលជាជនជាតិចិន ៩នាក់ ពីកម្ពុជាទៅប្រទេសចិនវិញ ដើម្បីកាត់ទោសតាមច្បាប់។

ប៉ូលីសចិនមួយក្រុមមកពីខេត្តហឺប៉ី ប្រទេសចិន បានមកប្រទេសកម្ពុជា តាំងពីខែតុលាឆ្នាំ២០២២ ដើម្បីសើបអង្កេតតាមចាប់មេឧក្រិដ្ឋជនជនជាតិចិនមួយក្រុម ដែលពួកគេធ្វើអំពើបោកប្រាស់តាមអ៊ីនធឺណេត។ ដោយមានការសម្របសម្រួលពីខាងជំនាញប៉ូលីសកម្ពុជា ប្រតិបត្តិការរបស់ប៉ូលីសចិនទទួលបានជោគជ័យ ដោយចាប់បានមេខ្លោងឧក្រិដ្ឋជនជនជាតិចិន ៩នាក់។

យោងតាមការចុះផ្សាយរបស់សារព៌ត៏មានចិននៅខេត្តហឺប៉ី បានអោយដឹងថា មេខ្លោងឧក្រិដ្ឋជនជនជាតិចិន ៩នាក់នេះ ជាអ្នកបញ្ជា និង ដឹកនាំក្រុមធ្វើអំពើបោកប្រាស់តាមអ៊ីនធឺណេត ដោយបោកលុយប្រជាជនចិនសរុបរាប់រយលានយន់។

កាលពីថ្ងៃទី ០៣ មករា នេះ ប៉ូលីសចិន បានបញ្ចូនយន្តហោះពិសេសមួយគ្រឿងមកភ្នំពេញ ដើម្បីដឹកពួកឧក្រិដ្ឋជនជនជាតិចិនទាំង៩នាក់នេះ ត្រឡប់ទៅប្រទេសខ្លួនវិញ ដើម្បីកាត់ទោសតាមច្បាប់។

ប៉ូលីសចិនបានអោយដឹងថា ប្រតិបត្តិការនៅកម្ពុជាលើកនេះ គឺជាប្រតិបត្តិការដ៏ធំ និង សំខាន់មួយ ក្រោយពីក្រសួងសន្តិសុខសាធារណៈចិន បានចេញបទបញ្ចារយ៉ាងមុឺងមាត់អោយកម្ទេចពួកឧក្រិដ្ឋជនបោកប្រាស់តាមអនឡាញ កាលពីខែមិថុនា ឆ្នាំ២០២២៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ