ហ្វីលីពីនអនុញ្ញាតឱ្យអាមេរិកតាំងមូលដ្ឋានទ័ព៤កន្លែងក្បែរតំបន់ជម្លោះ
ហ្វីលីពីន ៖ ហ្វីលីពីនបានបើកភ្លើងខៀវឱ្យអាមេរិកចូលមកតាំងមូលដ្ឋានទ័ពក្នុងប្រទេសរបស់ខ្លួន៤កន្លែងទៀតក្បែរតំបន់ជម្លោះជាមួយចិន ស្របពេលសកម្មជនប្រឆាំងសម្លឹងឃើញថា នឹងធ្វើឱ្យស្ថានការណ៍សន្តិសុខក្នុងភូមិភាគកាន់តែតានតឹង ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន TNN World នៅថ្ងៃទី០៣ កុម្ភៈ ២០២៣។
ក្រសួងការពារជាតិអាមេរិក និងហ្វីលីពីន បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយស្តីពី ហ្វីលីពីនបើកភ្លើងខៀវឱ្យកងទ័ពអាមេរិកអាចចូលមកតាំងមូលដ្ឋានទ័ពនៅហ្វីលីពីន៤កន្លែងទៀត ក្នុងកិច្ចព្រមព្រៀងសហការផ្នែកការពារជាតិ Enhanced Defense Cooperation Agreement (EDCA) ដែលបានចុះហត្ថលេខានៅឆ្នាំ២០១៤ ស្របពេលមានក្តីបារម្ភពីការពង្រីកឥទ្ធិពលរបស់ចិននៅសមុទ្រចិនខាងត្បូង ។
គួរបញ្ជាក់ផងដែរថា កិច្ចព្រមព្រៀងសហការផ្នែកការពារជាតិ (EDCA) នឹងអនុញ្ញាតឱ្យអាមេរិកអាចចូលមកតាំងមូលដ្ឋានទ័ពនៅប្រទេសហ្វីលីពីន ដើម្បីជាប្រយោជន៍ក្នុងការធ្វើសមយុទ្ធរួមគ្នា ការកំណត់ទីតាំងដំឡើងអាវុធជាមុន និងការបង្កលក្ខណៈងាយស្រួលផ្នែកយោធាផ្សេងទៀត ដូចជា ឃ្លាំងប្រេង និងកន្លែងស្នាក់នៅរបស់កងទ័ព ប៉ុន្តែមិនបានតាំងមូលដ្ឋានទ័ពរហូតនោះទេ៕